ខេត្តព្រះសីហនុពុំទាន់អាចស្តាមុខមាត់លើ បញ្ហាភ្ញៀវទេសចរនៅឡើយទេ ខណះក្នុងកំឡុងពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិនថយចុះ៣៤.០៩%

ព្រះសីហនុ៖ យោងតាមទូរលេខភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន បានបង្ហាញថា រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានភ្ញៀវសរុបប្រមាណ ៥៨,០០០នាក់ បានទៅលេងនៅខេត្តព្រះសីហនុ ថយចុះ ៣៤,០៩% បើប្រៀបធៀបពេលវេលាដូចគ្នាកាលពីឆ្នាំ២០១៨ មានភ្ញៀវសរុបចំនួន ៨៨,០០០នាក់ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា។

លោក តាំង សុចិត្រគ្រឹស្នា បង្ហាញថា ចំនួនភ្ញៀវដែលបានមកសម្រាកកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងកូរ៉េ សម្រាប់រយៈពេល ៣ថ្ងៃ នៅខេត្តព្រះសីហនុ មានភ្ញៀវជាតិប្រមាណ ៤៥,៥០០នាក់ គឺថយចុះ ៤២,៤៤% ដែលកាលពីឆ្នាំ២០១៨ មានចំនួន ៧៩០៥០នាក់។ ចំណែកភ្ញៀវអន្តរជាតិប្រមាណ ១២,៥០០នាក់ គឺបានកើនឡើងចំនួន ៣៩,៦៦% ដែលកាលពីឆ្នាំ២០១៨មានចំនួន ៨៩៥០នាក់។

ប្រភពដដែលបង្ហាញថា ភ្ញៀវចូលមកខេត្តព្រះសីហនុ តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានចំនួន ៤៩ជើងហោះហើរ និងមានភ្ញៀវសរុបប្រមាណ ៥,២២០នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិប្រមាណ១៥០នាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,០៧០នាក់។ ចំណែក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចេញទៅកម្សាន្តតាមបណ្តាកោះនានា សរុបមានចំនួនប្រមាណ ៩,២៩០នាក់ ស្រី៣,៧៦៧នាក់។ ភ្ញៀវជាតិមានប្រមាណ ២,៥៥៥នាក់ ស្រី១,២៦៧នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ៦,៧៣៥នាក់ ស្រី២,៥០០នាក់។

របាយការណ៍ដដែលបន្ថែមទៀតថា ចំពោះភ្ញៀវទេសចរចូលទៅកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុរួមមាន៖

  • រមណីយដ្ឋានក្បាលឆាយមានភ្ញៀវប្រមាណ ៣,៦៥៤នាក់ ក្នុងនោះភ្ញៀវជាតិមាន ៣,២៨៩នាក់ និងអន្តរជាតិមាន ៣៦៥នាក់។ រមណីយដ្ឋានថ្មរ៉ូងមានភ្ញៀវទេសចរសរុប ២,៣៥០នាក់។ ក្នុងនោះភ្ញៀវជាតិមាន២,២៩០នាក់ និងភ្ញៀវអន្តរជាតិមាន៦០នាក់។
  • រមណីយដ្ឋានពិកនិក មានភ្ញៀវទេសចរសរុបមាន ៦៥០នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិ៤៥៥នាក់ និងអន្តរជាតិ១៩៥នាក់៕ (ដោយ វ៉ើន កញ្ញា)