បុណ្យចូលឆ្នាំចិន៣ថ្ងៃ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់

កោះកុង៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តលេងសរុបចំនួន ២៩.៤៩៤នាក់ ថយចុះ ២៥.៣៦០នាក់ ស្មើនិង៤៦% បើធៀបទៅនឹងឆ្នាំ២០១៨។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិ ដែលមកកំសាន្តលើទឹកដីខេត្តកោះកុងនេះ មានចំនួន ២១.៥១៤នាក់ ថយចុះ ២៨.៦២២នាក់ ស្មើនឹង៥៧% បើធៀបនឹងឆ្នាំ២០១៨។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួន៧.៩៨០នាក់ កើនឡើង៣.២៦២នាក់ ស្មើនឹង៦៩% បើធៀបទៅនឹងឆ្នាំ២០១៨។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំចិន- វៀតណាម ក្រុមអាជីវករ បានរៀបចំទីតាំងអាជីវកម្មរបស់ខ្លួនមានរបៀបរៀបរយ អនាម័យល្អ បដិសណ្ឋារកិច្ចល្អ ជាពិសេសសន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ ចំពោះតម្លៃសេវាកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន អាហារដ្ឋានទាំងអស់ មានតម្លៃសមរម្យ៕