កម្ពុជា-ថៃ ចុះត្រួតពិនិត្យច្រកអានសេះ និងជួបចរចារកដំណោះស្រាយ បើកច្រកទ្វារអន្តរជាតិក្នុងពេលឆាប់ៗ!

46

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចម្រុះកម្ពុជា ជួបជាមួយអភិបាលខេត្តអ៊ូប៊ុន ប្រទេសថៃ ចុះត្រួតពិនិត្យ និងរៀបចំសោភណ័ភាពមាត់ច្រកទ្វារអានសេះ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាបើកច្រកអន្តរជាតិ នៅតាមព្រំដែនចំនួន៤ទៀត នៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះមានច្រកអានសេះរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា មុននឹងដំណើរការច្រកអានសេះ ជាច្រកអន្តរជាតិនោះ ទាំងភាគីកម្ពុជា និងភាគីថៃ កំពុងតែយកចិត្តទុកដាក់រៀបចំសោភណ័ភាព មាត់ច្រកទាំងសងខាងឲ្យបានសមរម្យ។ ដូច្នេះជំនួបរវាងអភិបាលខេត្តព្រះវិហាររបស់កម្ពុជា និងអភិបាលខេត្តអ៊ូប៊ុន របស់ថៃ នៅព្រឹកនេះ ក្រៅពីការចុះពិនិត្យមើលការរៀបចំ នៅមាត់ច្រកអានសេះ ក៏មានការជជែកពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗផងដែរ៕BRT

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close