ប្រជាពលរដ្ឋ ដែលធ្លាប់ពឹងផ្អែកលើការប្រើប្រាស់ទឹកស្ទឹងស្ទោង អាចនឹងប្រឈមមុខចំពោះការខ្វះខាតទឹក នៅប៉ុន្មានថ្ងៃខាងមុខនេះ

កំពង់ធំ៖ ក្នុងរយៈពេល២សប្តាហ៍ទៀត ប្រជាពលរដ្ឋដែលរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ជាពិសេសអ្នកដែលធ្លាប់ពឹងផ្អែកលើការប្រើប្រាស់ទឹកស្ទឹងស្ទោងនោះ អាចនឹងប្រឈមមុខចំពោះការ ខ្វះខាតទឹក សម្រាប់ហូបចុកប្រចាំថ្ងៃ ដោយសារបច្ចុប្បន្ធស្ថានភាពស្ទឹងស្ទោង បានដាច់ជាកង់ៗទៅហើយ។ នេះជាការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិមួយនេះ ជូនប្រជាពលរដ្ឋនៅតំបន់នោះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅរសៀលថ្ងៃនេះ អមដំណើរដោយរដ្ឋលេខាធិការ ប៊ុន ហ៑ាន ដែលជាប្រធានមុខព្រួញតាមដានដោះស្រាយបញ្ហាទឹកក្នុងខេត្តកំពង់ធំ និងសៀមរាប ព្រមទាំងសហការីអ្នកបច្ចេកទេសមួយចំនួន បាននិងកំពុងចុះពិនិត្យជាក់ស្តែង ដើម្បីមានវិធានការ ចំពោះមុខ និងយូរអង្វែង។

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានបញ្ជាក់ថា «អ្វីដែលជាការព្រួយបារម្ភក្នុងរយៈពេល ២សប្តាហ៍ទៅមុខទៀត ដោយសារបច្ចុប្បន្ធស្ថានភាពស្ទឹងស្ទោងបានដាច់ជាកង់ៗ រួចទៅហើយនោះ គឺតម្រូវការទឹកសម្រាប់ហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិតជាអាចមានបញ្ហា។ ស្ថិតក្នុងស្ថានភាពដូចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្រេចដោយប្រើប្រាស់ អ៊ិចស្ការវ៉ាទ័រមួយចំនួនដែលមាន ទីតាំងនៅភូមិភាគកំពង់ធំរួចជាស្រេច ដើម្បីកាយជាអណ្តូងទៅតាមបណ្តោយនៃស្ទឹងស្ទោង»។

ជាស្ថានភាពជាក់ស្តែងរហូតដល់ថ្ងៃនេះ ពាក់ព័ន្ធនិងការងារបង្កបង្កើនផលស្រូវប្រាំង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបាន ដោះស្រាយចប់សព្វគ្រប់ ក្រោយពីវិធានការអន្តរាគមន៍ ទម្លាក់ទឹកពីអាងទឹក៣០ ខែកញ្ញា និងបន្តបូមបាចបញ្ចូលស្រែ ដែលបច្ចុប្បន្ធរង់ចាំតែការច្រូតកាត់តែប៉ុណ្ណោះ។ ចំពោះវិធានការបន្តទៅមុខ គឺការស្ថាបនានូវសំណង់ស្ទាក់ទឹក នៅចំនុចឃុំម្សារក្រង និងសំណង់ចែកចាយទឹក-ស្ពាន នៅក្បែរនោះផងដែរ។

សូមជម្រាបថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។

រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់ នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩៕