​រដ្ឋធានី​ហាណូយ នៃប្រទេស​វៀតណាម​នឹងក្លាយជាទីកន្លែងស្វាគមន៍ ជំនួបកំពូលលើក​ទីពីររវាង លោក ដូណាល់ ត្រាំ និង ​លោក គីម ជុងអ៊ុន នៅចុង​ខែកុម្ភៈ​នេះ​តែម្តង

អាមេរិក៖ នាព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើតាម​សេចក្តីប្រកាស​របស់​សេតវិមានអាមេរិក ចេញផ្សាយ​ដោយ​សារព័ត៌មាន សិង្ហបុរី Straits Times បានឱ្យដឹងថា មិនខុស​ពីការសន្និដ្ឋាននោះ​ឡើយ គឺ​រដ្ឋធានី​ហាណូយ នៃប្រទេស​វៀតណាម​នឹងក្លាយជាទីកន្លែងស្វាគមន៍ ជំនួបកំពូលលើក​ទីពីររវាងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្ត​ទៅនៅចុង​ខែកុម្ភៈ​នេះ​តែម្តង។

លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់​​ក្នុងបណ្តាញសង្គម Twitter របស់លោក​យ៉ាងដូច្នេះ​ផងដែរថា«តំណាងរបស់ខ្មុំ​ទើបតែបានចាកចេញ​ពីកូរ៉េខាងជើង បន្ទាប់ពីបាន​រៀបចំជំនួបប្រកបដោយ​ផ្លែផ្កា និងបាន​ព្រមព្រៀង​គ្នា​អំពីកាលបរិច្ឆេទ​ ដែលត្រូវរៀបចំជំនួបកំពូលជា​មួយលោក គីម ជុងអ៊ុន។ វានឹងត្រូវធ្វើឡើង​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ»។

សូមជម្រាបថា ការប្រកាសយក​ទីតាំងជាក់លាក់នៅ​ទីក្រុងហាណូយ ធ្វើជាកន្លែង​ជួបលោក គីម ជុងអ៊ុន នេះត្រូវបានធ្វើ​ឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ត្រាំ​ បានសម្រេចយក​ប្រទេសវៀតណាម​ធ្វើជាម្ចាស់ផ្ទះ ដែលវាក៏ស្របទៅតាម​ការចង់បានរបស់​រដ្ឋាភិបាល​​វៀតណាម ដែលបាន​ចេញមុខមុនគេ ក្នុងការស្វាគមន៍ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ ខណៈ​ប្រទេស​វៀតណាមត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងល្អជាមួយ​កូរ៉េខាងជើង​ផង និង​អាមេរិក​ផង៕