ពេលនេះស្មៀនឃុំព្រះស្រែលោក ហ៊ុយ សេង និងឧកញ៉ា សូ សារឹម ដែលលួចវាស់ដីប្រជាពលរដ្ឋលក់ នៅឃុំព្រះស្រែ ស្រុកឧដុង្គ កាន់តែបែកធ្លាយខ្លាំងហើយ ព្រោះពេលនេះ…

លោកបានបញ្ជាក់បន្ថែមថា លោកក៏មានការភ្ញាក់ផ្អើលដែរ នៅពេលឃើញប្លង់ដី ដែលឈ្មោះ សូ សារឹម លក់ឲ្យឈ្មោះ លី ជុន មានដីពលរដ្ឋ ដែលមិនទាន់បានលុយគ្រប់ និងដីដែលពលរដ្ឋមិនបានលក់ឲ្យបែបនេះ។ ចំណែកលោកស្មៀន ឃុំឈ្មោះ ហ៊ុយ សេង អត់ដែលបានហៅលោកជាប្រធានភូមិ ឲ្យចូលរួមដឹងឮពេលមន្ត្រីជំនាញ ចុះមកវាស់ដីពលរដ្ឋនោះទេ គេធ្វើតែគ្នាគេស្ងាត់។

ប្រធានភូមិរំលេចរូបនេះ បញ្ជាក់ថា មិនថាតែដីពលរដ្ឋ ដែលមិនទាន់បានលុយគ្រប់ទេ សូម្បីតែដីម្ចាស់គេមិនបានលក់ ក៏គេលួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដែរ រាប់ទាំងដីផ្លូវរទេះគោបុរាណ មានទំហំទទឹង១០ម៉ែត្រ ដោយគិតទាំងចំណីផ្លូវ និងប្រវែងជាង២០០ម៉ែត្រ ដែលពលរដ្ឋប្រើប្រាស់រាប់ជំនាន់មកហើយ ក៏ស្មៀនឃុំ និងមន្ត្រីជំនាញ វាស់វែងបាញ់ចូលប្លង់ឲ្យឈ្មោះ សូ សារឹម លក់ឲ្យឈ្មោះ លី ជុន អស់ហើយ។

លោក សួន ហឿន ប្រធានភូមិរំលេច បានបន្តថា ប្លង់ដីដែលទិញលក់ទាំងអស់នោះភាគច្រើន គឺប្រជាជនរស់នៅភូមិរបស់លោក ប៉ុន្តែនោះលើឯកសារទិញលក់ បែរជាមានឈ្មោះ សំ លន ជាប្រធានភូមិតារា ជាភូមិនៅក្បែរគ្នា ជាអ្នកផ្តិតមេដៃធ្វើសាក្សីឲ្យអ្នកលក់ឈ្មោះ សូ សារឹម ទៅវិញ។

ចំពោះការផ្តិតមេដៃធ្វើជាសាក្សីនេះលោក សំ លន ប្រធានភូមិតារា បានបដិសេធថា លោកអត់ដែលបានផ្តិតមេដៃ ធ្វើសាក្សីក្នុងឯកសារទិញលក់ដី រវាងឈ្មោះ សូ សារឹម និងឈ្មោះ លី ជុន នោះទេ។ លោកទទួលស្គាល់ថា ដីដែលឈ្មោះ លី ជុន ទិញពីឈ្មោះ សូ សារឹម គឺមានទីតាំងស្ថិតនៅភូមិរំលេច ដែលនៅក្នុងសកម្មភាពលក់ទិញនេះ លោកក៏មិនដែលបានទៅចូលរួមវាស់វែងដីនោះដែរ។

សូមជម្រាបជូនថា យោងតាមឯកសារកំណត់ហេតុស្តីពីការវាស់វែងអចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺមានឈ្មោះ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាអ្នកធ្វើកំណត់ហេតុ និងបានចុះហត្ថលេខាត្រឹមត្រូវ។

ទាក់ទិននឹងករណីនេះ លោក ងួន វាសនា អភិបាលស្រុកឧដុង្គ បានប្រាប់អ្នកសារព័ត៌មានថា «សូមឲ្យបងប្អូន ដែលជាពលរដ្ឋរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅសាលាស្រុក ដើម្បីអាជ្ញាធរ ដោះស្រាយជូនតាមច្បាប់»។

សូមបញ្ជាក់ថា រឿងរ៉ាវរៀបចំប្លង់ដី លួចដីរាស្ត្រ និងលួចដីរដ្ឋ (ផ្លូវរទេះ) យកឲ្យឧកញ៉ាត្បាញអាយ សូ សារឹម សហការជាមួយលោក ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ គឺបានបែកធ្លាយសាយសុះ និងការភ្ញាក់ផ្អើលកាន់តែខ្លាំងដល់ប្រជាជនក្នុងមូលដ្ឋាន បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាប់ខ្លួនឈ្មោះ សូ សារឹម កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង នៅខាងមុខភូមិគ្រឹះគ្រួសារលោកស្មៀនឃុំ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១។

ដោយសមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកា បង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មកដល់ពេលនេះ ឈ្មោះ សូ សារឹម ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចេញដីកាឃុំខ្លួនជាបនណ្តោះអាសន្ន នៅក្នុងគុកខេត្ត តាមបណ្តឹងអ្នកទិញដីបន្ត។

លោក លី ជុន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកម្ចាស់លុយ និងជាអ្នកទទួលបានសិទ្ធិកាន់កាប់លើដីជាង១៣ហិកតានេះ បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថា លោកមិនមានពាក់ព័ន្ធក្នុងវិវាទរវាងលោក សូ សារឹម និងប្រជាជនក្នុងភូមិឡើយ ព្រោះលោកបានទូទាត់ប្រាក់រួចរាល់អស់ហើយ ដូច្នេះក្នុងករណីម្ចាស់ដីមិនទាន់ទទួលប្រាក់គ្រប់គ្រាន់ វាជាការទទួលខុសត្រូវរបស់លោក សូ សារឹម ដែលកំពុងដេកក្នុងគុក។

ក្នុងករណីនេះ ប្រជាជនម្ចាស់ដើម និងលោក លី ជុន មិនបានស្គាល់គ្នាទេ ព្រោះការលក់ទិញនេះ ធ្វើឡើងដោយលោក សូ សារឹម ជាអ្នកគក់ជេដី ដែលជាអ្នករៀបចំបែបបទឯកសារជាមួយមន្ត្រីនៅមូលដ្ឋាន ដូចជាលោក ហ៊ុយ សេង ជាស្មៀនឃុំព្រះ ដែលកន្លងត្រូវថៅកែទិញដីម្នាក់ បង្ហើបថា បានឆបោកលុយលោកចំនួន១ម៉ឺនដុល្លារផងដែរ ដោយសន្យាថា យកទៅទិញដីពីអ្នកភូមិយកមកឲ្យគាត់ ប៉ុន្តែមកដល់ពេលនេះ ឈ្មោះ ហ៊ុយ សេង មិនមានដីប្រគល់ឲ្យម្ចាស់លុយនោះទេ ចំណែកលុយ១ម៉ឺនដុល្លារ ក៏មិនសងត្រឡប់ទៅម្ចាស់លុយវិញដែរ
ទោះជាឈ្មោះ សូ សារឹម សហការជាមួយនរណាក៏ដោយ យកលុយរបស់គាត់ទៅណាក៏ដោយ លោក លី ជុន បានមានប្រសាសន៍ថា «អ្នកទិកដីឲ្យខ្ញុំ បានយកដីលុយពីខ្ញុំអស់ហើយ ដូច្នេះត្រូវដោះស្រាយជាមួយម្ចាស់ដីដើមឲ្យចប់សព្វគ្រប់។ ត្រូវទទួលខុសត្រូវចំពោះប្រជាជន និងជាមួយខ្ញុំ»៕ដោយ៖ អ៉ី បញ្ញា