CELlCA បើកបត់ឆ្លងផ្លូវ ត្រូវយុវជនប្រុសស្រីជិះម៉ូតូឌុបគ្នាទៅបុកពេញទំហឹង បណ្តាលឲ្យយុវជនប្រុសស្រីពីរនាក់រងរបួសធ្ងន់ និងស្រាល

ភ្នំពេញ៖ ស្រ្តីម្នាក់បើករថយន្ត មួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រាជោគ បានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយយុវជនប្រុសស្រីពីរនាក់ ក្នុងល្បឿនលឿនជ្រុលទៅបុកចំផ្នែកខាងមុខរថយន្តពេញទំហឹង បណ្តាលបោកផ្ទប់នឹងកញ្ចក់រថយន្ត បណ្តាលឲ្យយុវជនរងរបួសបាក់ជើងស្តាំម្ខាងធ្ងន់ ចំណែកនារីម្នាក់ទៀត រងរបួសស្រាល។ចំណែកម្ចាស់រថយន្តទុករថយន្តចោលគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ៤៣២ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតគេឃើញស្ត្រីម្នាក់បើកថយន្តមួយគ្រឿងម៉ាក CELlCA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X-0211ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ៤៣២ បានបន្តិត ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែង1O-8918ជិះដោយយុវជនប្រុសស្រីពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខ ចំហៀងខាងស្តាំពេញទំហឹង បណ្តាលជនរងគ្រោះបោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តខាងមុខ រងរបួសយុវជនម្នាក់បាក់ជើងស្តាំម្ខាងធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសដៃស្តាំម្ខាងស្រាល បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តឃើញសភាពមិនស្រួលបានទុករថយន្តចោលគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕់