ឪពុកម្តាយខំចិញ្ចឹមតាំងពីតូច! គ្រាន់តែឪពុកម្តាយស្តីបន្ទោសតិចតូច សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិត…

ត្បូងឃ្មុំ៖ នារីវ័យក្មេងចិត្តខ្លាំង ជាសិស្សសាលាម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតយ៉ាងតក់ក្រហល់ ដោយលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួនទាំងក្តីសោកសៅ នៅវេលាម៉ោង១២ៈ១០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្រះទឹកចំការម្រេច របស់ឈ្មោះអ៊ា សារី ស្ថឹតនៅខាងកើតភូមិ៣៧ ចំងាយ៦០០ម៉ែត្រ ពីឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមការឱ្យដឹង ពីនគរបាលជំនាញស្រុកពញាក្រែកថា ជនរងគ្រោះមានឈ្មោះ ថុល ស្រីនាង ភេទស្រីអាយុ១៤ឆ្នាំ មានមុខរបរជាសិស្សនៅភូមិ៣៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមការឱ្យដឹងបន្ថែមទៀតថា រូបនាងបានខឹងនឹងឪពុកម្តាយនិយាយស្តីបន្ទោស ហើយបានអប់រំណែនាំខ្លួន ។ លុះពេលទៅបេះម្រេចនៅចំណុចខាងលើ បានលោតទឹកស្រះជម្រៅ៤ម៉ែត្រ ដើម្បីសម្លាប់ខ្លួនរហូតបានសម្រេច ។

ហើយបើតាមការបំភ្លឺពីឈ្មោះ នី នុត ភេទស្រីអាយុ១៥ឆ្នាំ នៅភូមិជាមួយគ្នា ដែលទៅបេះម្រេចជាមួយជនរងគ្រោះបានបញ្ជាក់ថា នៅពេលកំពុងបេះម្រេចសុខៗ ស្រាប់តែជនរងគ្រោះ ថុល ស្រីនាង បានដើរទៅឈរមាត់ស្រះ ហើយលោតចូលទឹកស្រះលិចបាត់ ពេលនោះខ្លួនបានហៅអ្នកមើលគោឱ្យជួយហើយបានរត់ទៅប្រាប់ឪពុកជនរងគ្រោះ មកជួយរាវរករហូតដល់ម៉ោង២រសៀលថ្ងៃដដែល ទើបរកសពឃើញ ។

ផ្អែកតាមការពិនិត្យសាកសពរបស់សមត្ថកិច្ច ផ្នែកជំនាញបច្ចេកទេស កម្លាំងប៉ុស្តិ៍ និងលោកមេភូមិ៣៧ បានឃើញនឹងសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានពាក់ពន្ធនឹងករណីឃាតកម្មឡើយ។

សមត្ថកិច្ចជំនាញ ក្រោយពីពិនិត្យសពរួច បានប្រគល់សពជូនលោក អ៊ា សារី ដែលត្រូវជាឪពុកជនរងគ្រោះយកទៅធ្វើបុណ្យតាមលក្ខណៈប្រពៃណី ៕
សាន វិឡែម 11.2.2019