ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (The 41th General Border Committee Meeting GBC)​នៅ​សណ្ឋាគារ​ដែន​ស៊ី​ត​ធី រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី​១៣ ដល់ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា និង​លោក​ប្រា​វីត វង្ស​សុវណ្ណ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ថៃ ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៦ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​- ថៃ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការ​ជួប​ប្រជុំ​ប្តូរ​វន​គ្នា​យ៉ាង​ទៀងទាត់​រាល់​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៤ ។

ក្រសួងការពារជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​លើក​ទី​១៤ ក៏​ដូច​កិច្ចប្រជុំ​ដូច​មុន​ៗ​ដែរ​ភាគី​ទាំង​ពីរ​នឹង​បន្ត​កិច្ច​ពិភាក្សា​របស់​ខ្លួន ដោយ​ថ្តោ​ត​សំខាន់​ទៅ​លើ​ការ​ពង្រឹង និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​បង្កើត​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ក្នុង​កិច្ច​ការពារ និង​រក្សា​ឲ្យ​បាន​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅ​តាម​បណ្តោយ​ព្រំដែន​រួម​នៃ​ប្រទេស​ជិតខាង​ទាំង​ពីរ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេចក្តីសុខ​ក្សេម​សាន្ត និង​ជីវភាព​រស់នៅ​រីក​ចំរើន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕