សមត្ថកិច្ចរកឃើញពីមូលហេតុ ដែលមានបក្ខពួកព្រួតគ្នាវាយសម្លាប់អ្នកកាសែតម្នាក់នៅស្រុកស្នួលនោះ គឺដោយសារតែ…

252

ក្រចេះ៖ សមត្ថកិច្ចខេត្តក្រចេះ​បានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈនេះថា ក្រុមជនដៃដល់ដែលបានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះម្នាក់ ដែលមានប្រើប្រាស់ប័ណ្ណកាសែតក្នុងស្រុកមួយ បណ្តាលឲ្យស្លាប់នៅចិញ្ចើមផ្លូវជាតិ ត្រូវបាននគរបាលស្រុកស្នួល ស្រាវជ្រាវចាប់ខ្លួនបាន ខណៈបក្ខពួកបីនាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន។ តែយ៉ាងណានគរបាលព្រហ្មទណ្ឌបានអះអាងថា បក្ខពួកក្រុមជនដៃដល់ ដែលកំពុងតែគេចខ្លួនទាំងនោះ ត្រូវបានកំណត់អត្តសញ្ញាណច្បាស់ គឺនឹងអាចស្រាវជ្រាវ ចាប់ខ្លួនបាននាពេលដ៏ខ្លីខាងមុខនេះ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនរូបនេះ មានឈ្មោះ វ៉ន វិញ អាយុ១៩ឆ្នាំ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួលឃាត់ខ្លួននៅថ្ងៃទី៨ កុម្ភៈ ក្រោយការចុះស្រាវជ្រាវមានរយៈពេល៤ថ្ងៃ បន្ទាប់ពីជនរូបនេះ​ នឹងបក្ខពួកបានបង្កអំពើហិង្សាសម្លាប់ មនុស្សកាលពីយប់ថ្ងៃទី៣ កុម្ភៈ នៅលើផ្លូវជាតិមួយកន្លែងក្នុងឃុំ២ធ្នូ ស្រុកស្នួល ។

ជនរងគ្រោះម្នាក់ឈ្មោះ សន ឬទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅឃុំស្នួល ស្រុកស្នួល ជនរងគ្រោះរូបនេះ មានប្រើប្រាស់ប័ណ្ណការសែតវេបសាយ(បាត់ដំបងប៉ុស្តិ៍) ក្នុងតួនាទីជាអ្នកយកព័ត៌មាន។ ជនរងគ្រោះរូបនេះ​ ត្រូវបានក្រុមជនដៃដល់ព្រួតគ្នាស្ទាក់យកដុំថ្ម គប់បណ្តាលឲ្យរូបគេធ្លាក់ពី លើម៉ូតូ និងបានព្រួតវាយសម្លាប់ក្រោយពីជនរងគ្រោះបានជិះម៉ូតូត្រឡប់ពីមើលគេរាំធុងបាស់ នៅក្នុងភូមិ។

នគរបាលនិយាយថា ជនរងគ្រោះមានស្នាមហើមក្បាលផ្នែកខាងក្រោយ ដោយនគរបាលសន្និដ្ឋានថា អាចរងនឹងវត្ថុរឹង និងមានស្នាមដាច់រយះផ្នែកខាងមុខ ដោយសារធ្លាក់ពីលើ ម៉ូតូនៅពេលដែលក្រុមជនដៃដល់ពួនស្ទាក់គប់ដោយដុំថ្ម។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍​ឯក ចាន់ សុខគីម បានប្រាប់ឲ្យដឹងថា៖ ក្រោយការចុះស៊ើបអង្កេត នគរបាលបានកំណត់លើមុខសញ្ញា និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះមកសាកសួរ។

លោកអធិការបានបញ្ជាក់ថា ក្រោយការសាកសួរពីនគរបាលជំនាញបានរកឃើញពីមូល ហេតុដែលបង្កឲ្យមានអំពើនេះ គឺផ្តើមចេញដោយសារការដណ្តើមស្រីស្នេហ៍រវាងជនបង្កនិង ជនរងគ្រោះ។

លោកអធិការបានសម្រង់ចម្លើយសារភាពរបស់ជននេះថា មូលហេតុដែលឈានឲ្យមានករណីនេះ ផ្តើមចេញដោយសារការទំនាស់រវាងជនដៃដល់ ដែលជាបក្ខពួករបស់គេ ជាមួយនឹងជនរងគ្រោះ ពីរឿងដណ្តើមស្រីស្នេហ៍នៅក្នុងភូមិ។

លោកអះអាងថា​ បើទោះបីជាក្រុមជនបង្ក និងជនដៃដល់បានគេចខ្លួន តែនគរបាល កំណត់លើអត្តសញ្ញាណពួកគេបានច្បាស់ ហើយក៏កំពុងតែស្វែងរកចាប់ខ្លួនផងដែរ៕
E K H .ស្ទឹងត្រែង ១១.០២. ២០១៩

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close