មុខសញ្ញាឆក់យ៉ាងសកម្មម្នាក់ត្រូវឃាត់ខ្លួន ចំណែកបក្ខពួកមួយចំនួនទៀតកំពុងតែរត់គេចខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាវាយប្លន់ និង ឆក់កាបូបនិងទូរស័ព្ទដៃយ៉ាងសកម្មជាមួយបក្ខពួកមួយក្រុមទៀតដែលនៅសេសសល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩​ ស្ថិតនៅផ្លូវបេតុងខាងក្រោយវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងគោលដៅចាស់ដែលក្រុមនេះតែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីប្រជាក់ពលរដ្ឋ។

ជាក់ស្តែងនៅមុនពេលឃាត់ជនសង្ស័យខាងលើរួម និង បក្ខពួកមួយក្រុមបានឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPOពីបុរសរត់កង់៣ម្នាក់បានសម្រេចតែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះនៅ ចាន់ណា អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ។

ក្រោយពេលឃាត់ខ្លួនរួចសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខាងលើយកមកសាកសួបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេនិងបក្ខពួកមួយក្រុមទៀតធ្លាប់ធ្វើសកម្មភាពឆក់និងវាយកាបូបលុយទូរស័ព្ទដៃនិងខ្សែរពីជនរងគ្រោះបានសម្រេចចំនួន៤លើកមកហើយដោយមធ្យោបាយខុសពីចោរឆក់ដ៏ទៃគឺក្រុមនេះធ្វើសកម្មភាពឆក់ដោយថ្មើរជើងពុំមានប្រើប្រាស់ម៉ូតូនោះទេ។

រីឯជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទ សុំ សុផាត អាយុ៣៤ឆ្នាំ មុខរបររត់រម៉កម៉ូតូកង់៣ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១រួចរាលមផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកដើម្បីធ្វើការឃាត់ខ្លួនយកមកផ្តន្ទាទោសនៅពេលក្រោយ៕ដោយ៖អ៉ី បញ្ញា