តុលាការកំពូលទីក្រុងគូឡាឡាំពួរ នឹងកាត់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក នៅថ្ងៃទី១២ ខែកុម្ភៈ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែកនេះ តុលាការកំពូលទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងកាត់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ពីបទចោទប្រកាន់ទាក់ទងទៅនឹងរឿងអាស្រូវពុករលួយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិរដ្ឋ។

សូមរំលឹកថា លោក ណាជីប ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើសេចក្តីទុកចិត្ត, រំលោភបំពានអំណាច និងលាងលុយកខ្វក់។ លោកត្រូវបានគេចោទប្រកាន់ថាបានទទួលលុយដោយខុសច្បាប់ប្រហែល១០លានដុល្លារអាមេរិកដែលត្រូវបានផ្ទេរចេញពីអតីតអង្គភាពមួយរបស់មូលនិធិរដ្ឋចូលគណនីធនាគាររបស់លោក។

រដ្ឋាភិបាលលោក ណាជីប បានបង្កើតមូលនិធិរដ្ឋនោះឡើងនៅក្នុងឆ្នាំ២០០៩ ហើយក្រសួងយុត្តិធម៌អាមេរិកបានប៉ាន់ស្មានថាទឹកប្រាក់៤,៥ពាន់លានដុល្លារអាមេរិកត្រូវបានក្រុមមន្ត្រី ជាន់ខ្ពស់របស់មូលនិធិ និងសហការីរបស់ពួកគេយកទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួននៅចន្លោះឆ្នាំ២០០៩ និង២០១៤។

ប៉ុន្តែទោះជាយ៉ាងណា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានបដិសេធថារូបលោកមិនបានធ្វើអ្វីខុសទេ៕