តុលាការសម្រេចឱ្យជនត្រូវចោទ៣នាក់ នៅក្រៅឃុំ ពាក់ព័ន្ធរឿងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖ លោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានសម្រេចឲ្យជនត្រូវចោទ៣នាក់ ដែលពាក់ព័ន្ធរឿងកាន់កាប់អាវុធខុសច្បាប់ ឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ជនជាប់ចោទទាំង៣នាក់ រួមមាន ឈ្មោះ ហូត វិទ្បា អាយុ២០ឆ្នាំ, ឈ្មោះ ឈ្មោះ អុល គីមអូន អាយុ២១ឆ្នាំ និងឈ្មោះ ឌិន អ៉ិល អាយុ២៥ឆ្នាំ។ ពួកគេទាំង៣នាក់ ត្រូវបានលោក កុល បុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយខុសច្បាប់» និងបញ្ជូនសំណុំរឿងទៅលោកចៅក្រមស៊ើបសួរ។

គួររំលឹកថា ក្រុមជនត្រូវចោទខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនកាលពីម៉ោង២ៈ៣០នាទី ទាបភ្លឺថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណៈពួកគេកំពុងជិះម៉ូតូប្រដាប់ដោយអាវុធជាប់ខ្លួន។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក C125 សេរ៊ី ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HE-5499 ចំនួន ០១គ្រឿង, ច្រវ៉ាក់សោរកង់ ចំនួន០១ខ្សែ, ដុំអិដ្ឋ ចំនួន០២ដុំ និងកាំបិតបុ័ងតោចំនួន០១ដើម៕ដោយ៖ អ៉ី បញ្ញ