ស្នងការនគរបាល​ខេត្ត​កំពត ​សេចក្តីបំភ្លឺ​ព័ត៌មាន រឿងដោះលែង​អ្នកបើកបរ​រថយន្ត ខណៈ​ជន​រងគ្រោះកំពុង​ដេក​លើ​គ្រែ​

ខេត្ត​កំពត​៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត បណ្តាល​អោយ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ តែ​ម្ចាស់​រថយន្ត និង​រថយន្ត ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ បញ្ជា​ទៅ​អោយ​កូនចៅ​អោយ​អនុញ្ញាត​អោយ​ម្ចាស់​រថយន្ត​និង​រថយន្ត ចេញពី​ប៉ុស្តិ៍រដ្ឋបាល​គរ​បាល​កោះ​តូច ដោយ​គ្មាន​រងចាំ​ដំណោះស្រាយ​តាម​នីតិវិធី​សិន​។ ចំណែក​ជនរងគ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ករណីនេះ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​​សេចក្តីបំភ្លឺ​ព័ត៌មាន​ថា «​ក្នុងនាម​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ខ្ញុំ​សូម​ធ្វើការ​បំភ្លឺ​ដល់​បងប្អូន​សាធារណៈជន និង​ក្រុមគ្រួសារ​របស់​ប្អូន​ជនរងគ្រោះ​មេត្តា​ជ្រាប​ថា ៖ កាលពី​ថ្ងៃ​ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​លើ​ដង​ផ្លូវជាតិ​លេខ ៣ (​កំពត​-​វាលរេញ​) ស្រប​ទិស​គ្នា នៅក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ។ 

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ វាស់វែង និង​សាកសួរ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ ព្រមទាំង​យក​វត្ថុតាង​ទាំងពីរ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះ​តូច ។ 

ក្រោយពី​បាន​ពិនិត្យ​វាស់វែង និង​ប្រមូល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ យើង​សន្និដ្ឋានបានថា ករណី​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​បាន​បត់​ចូល​ទៅ​ផ្លូវ​រមណីយដ្ឋាន​ណា​តាយ៉ា​ទាំងកម្រោល​នៅលើ​ជាយ​ផ្លូវ​ផ្ទុយ​ទិស​គ្នា ប៉ះ​ត្រង់​ទ្វារ​មុខ​ប៉ែក​ខាងឆ្វេង​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ ។ 

ផ្អែក​តាម​កំណត់ហេតុ​វាស់វែង ករណីនេះ គឺ​បង្កឡើង​ដោយ​អ្នក​បើក​ម៉ូតូ​បើកបរ​ខ្ជីខ្ជា បើកបរ​ក្នុង​ល្បឿន​លឿន ។ 

ដោយឡែក ក្នុងករណី​ដែល​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ភាគី​រថយន្ត​ត្រឡប់​ទៅ​វិញ​ដោយសារ រថយន្ត​មិន​មាន​កំហុស​ក្នុង​ការបើកបរ មាន​អ្នកធានា​ក្នុង​ការទទួលខុសត្រូវ​ក្នុងការ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ហើយ​ក្នុង​ករណី​នេះ​ដែរ គឺ​មិន​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​របស់​អ្នកបើក​ម៉ូតូ​នោះដែរ ហេតុដូច្នេះ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ភាគី​ខាង​រថយន្ត​យក​រថយន្ត​ទៅ​ជួសជុល​ប្រើប្រាស់​បណ្តោះអាសន្ន​សិន ទម្រាំ​ហៅចូល​ដោះស្រាយ​នៅ​ពេល​ក្រោយ »​។​

​គួរំលឹកថា​៖ កន្លងទៅ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​០៥ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នៅ ចំណុច​គីឡូម៉ែត្រ​លេខ​១២ ឃុំ​កោះ​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ជនរងគ្រោះ​មានឈ្មោះ ញើ​ង អាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ្ណ​។​

​បើ​តាម​ឈ្មោះ ញើ​ង អាង ជនរងគ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​CBR ស្លាក​លេខ កណ្តាល 1S 7369 ក្នុង​ទិសដៅ​ពី​កើត ទៅ​ទិស​ខាងលិច (​កំពត ទៅ​កំពង់សោម​) ក្នុង​ល្បឿន​ធម្មតា​លុះដល់​ចំណុចកើតហេតុ​ខាងលើ​ក៍​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP 7453 បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ដូចគ្នា ស្រាប់តែ​រថយន្ត​បត់​ឆ្វេង​ក្នុង​ល្បឿន​លឿន ធ្វើអោយ​អ្នកបើកបរ​ម៉ូតូ​វាក់​អើរ​ក៍​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​តែ​ម្តង បណ្តាល​អោយ​អ្នកបើក​ម៉ូតូឌួល​បោក​ខ្ទប់​ទៅ​និងថ្នល់​រងរបួស​ជា​ទម្ងន់​រួច​រថយន្ត​បើក​រត់​រហូត​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ប្រគល់​អោយ​សមត្ថ​កិច្ច​៕