បឹងឈូកមុខពេទ្យលោកសង្ឃទៀតហើយ កម្លាំងនគរបាលខណ្ឌសែនសុខ​ បន្តបង្ក្រាបឲ្យដូចភ្លៀងរលឹម មិនអាចទុកចោលបានទេ បញ្ហាគ្រឿងញៀននេះ!

ភ្នំពេញ​៖ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យ កំពុងដេីរតាមផ្លូវតែម្នាក់ឯង ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ រួចធ្វើការត្រួតពិនិត្យលើដងខ្លួន ឃេីញមានក្រាម០៣កូនថង់ និងជញ្ជីងថ្លឹងគ្រឿងញៀន មួយគ្រឿងទៀត ទេីបនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ។

ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលាម៉ោង០០:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍​ ទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននេះ មានឈ្មោះ គោក ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបុរីម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈដកហូតរួមមាន៖ ក្រាម០៣កូនថង់ និងជញ្ជីងថ្លឹងគ្រឿងញៀន មួយគ្រឿង ។

សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកើតហេតុ ដោយទទួលបានបទបញ្ជាពី​លោក​ វរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ បានដាក់ចេញផែនការក្នុងការរក្សាការពារ បងប្អូនក្នុងមូលដ្ឋាន ឱ្យបានល្អនិងមានសុវត្ថិភាព ស្របតាម​គោលនយោបាយ​ របស់ថ្នាក់ដឹកនាំ​នោះ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការល្បាតពួនស្ទាក់​ ត្រៀមលក្ខណៈ​ទប់ស្កាត់បទល្មើសក្នុងភូមិសាស្ត្រ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យម្នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាត ​បានហៅជនសង្ស័យឲ្យឈប់ ដេីម្បីសុំធ្វើការត្រួតពិនិត្យលើដងខ្លួន ហេីយរកឃើញវត្ថុតាងដូចខាងលើ ទេីបកម្លាំងល្បាតធ្វេីការនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ (ម៉េង)