មនុស្ស​យ៉ាងតិច ០៩នាក់បាន​បាត់បង់ជីវិត ក្នុងគ្រោះអគ្គីភ័យឆេះសណ្ឋាគារអាភីត ផាឡេស (Arpit Palace)

56

ឥណ្ឌា៖ ​អគ្គីភ័យ​បានកើតមាន​ឡើងនៅសណ្ឋាគារ​​មួយកន្លែង ក្នុងរដ្ឋធានីញូដេលី​នៃប្រទេសឥណ្ឌា បណ្ដាលឱ្យមនុស្ស​យ៉ាងតិច ០៩នាក់បាន​បាត់បង់ជីវិត និងប្រមាណ០៧នាក់ទៀត​រងរបួសធ្ងន់ ។

នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Hindustan Times នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានទីភ្នាក់ងារ​ពន្លត់អគ្គីភ័យនៅ​ក្នុង​តំបន់ លោក ស៊ូនីល ឈួដារី (Sunil Choudhary) បានឲ្យដឹងថា មនុស្ស​០៩នាក់បានស្លាប់ នៅក្នុងហេតុ​ការណ៍​ភ្លើងឆេះនៅសណ្ឋាគារ អាភីត ផាឡេស (Arpit Palace) ក្នុងសង្កាត់ ខារ៉ូល បេក (Karol Bagh)។

ខណៈនេះ អគ្គិភ័យក៏ត្រូវ​បានពន្លត់​ឲ្យរលត់​ហើយ​ដែរ លោក Choudhary បាន​បញ្ជាក់ទៀតថា មនុស្ស ២៥នាក់ត្រូវបាន​ជម្លៀសចេញពី​សណ្ឋាគារលំដាប់ផ្កាយ​បីនេះ រីឯ​០២​នាក់​​បានលោត​ចុះមកក្រោម ដោយសារ​ការភ័យ​ស្លន់ស្លោពេក។

គួរជម្រាបថា មូលហេតុនៅ​ពីក្រោយគ្រោះអគ្គីភ័យខាង​លើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់​នៅឡើយទេ ប៉ុន្តែមាន​​ការ​សង្ស័យថា វាអាចបង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close