ក្រោយបង្កើតសហគមន៍ជីផាតជាង១០ឆ្នាំ ពលរដ្ឋស្ទើរ១០០ភាគរយ នៅឃុំជីផាត ស្រុកថ្មបាំង មិនធ្វើចំណាកស្រុកឡើយ

66
CMA_LongBanner

កោះកុង៖ បន្ទាប់ពីបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាតចាប់តាំងពីឆ្នាំ២០០៧មក បានប្រែមុខមាត់តំបន់ដាច់ស្រយាលនេះយ៉ាងខ្លាំង គឺបានកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋស្ទើរតែ១០០ភាគរយ។ ប្រជាពលរដ្ឋនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានងាកមកប្រកបរបរដាំដំណាំ នាំភ្ញៀវទេសចរដើរកម្សាន្ត និងប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។

ថ្លែងប្រាប់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលជាអ្នកតាមប្រមាញ់តំបន់ទេសចរថ្មីៗនៅកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សូ លីហៀង ប្រធានស្តីទីសហគមន៍អេកូទេសចរណ៍ជីផាត បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់បញ្ហាចំណាកស្រុក គឺកាត់បន្ថយបានសឹងតែ១០០ភាគរយតែម្តង»។

លោក សូ លីហៀង បានបន្តថា អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ សហគមន៍អេកូទេសចរណ៍ជីផាត បានបែងចែកប្រាក់វិភាគទានសម្រាប់កសាងប្រព័ន្ធលូ ជួសជុលផ្លូវ និងបែងចែកដល់សមាជិកសហគន៍ ដែលបម្រើការសេវាជូនភ្ញៀវទេសចរនៅក្នុងសហគន៍ផងដែរ។

បើតាមប្រធានស្តីទីរូបនេះ សព្វថ្ងៃឃុំជីផាតមានប្រជាពលរដ្ឋជាង ៦០០គ្រួសារ ហើយមានពលរដ្ឋ ៣៦២គ្រួសារជាសមាជិករបស់សហគមន៍ ដូច្នេះពួកគាត់អាចទាញប្រយោជន៍ពីសហគន៍ដូចជា៖ ធ្វើជាចុងភៅភូមិ ចុងភៅព្រៃ មគ្គុទេ្ទសក៏នាំភ្ញៀវដើរទស្សនាកន្លែងកម្សាន្តនានានៅក្នុងតំបន់អេកូទេសចរណ៍ជីផាត។

លោក សូ លីហៀង បានបញ្ជាក់ថា នៅឆ្នាំ១៩៩៨ នៅជីផាត មានសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានព្រៃយកដីធ្វើស្រែ និងបរបាញ់សត្វព្រៃ យ៉ាងអនាធិបតេយ្យខ្លាំងមែនទែន ប៉ុន្តែដោយមានការមើលឃើញ និងជួយជ្រោមជ្រែងពីអង្គការ វ៉ាយឡែហ្វ ឡាយអ៊ិន បានកាត់បន្ថយ និងលុបបំបាត់សកម្មភាពទាំងនេះជាបណ្ដើរៗ រហូតដល់មានការចងក្រងឯកសារមួយចំនួនជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំនួន ៤ភូមិ នៅក្នុងឃុំជីផាតនេះ បង្កើតទៅជាសហគមន៍ឡើង។

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម៕ដោយ៖ ណារម្យ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close