AFF U22 នឹងត្រូវប្រកួតបញ្ចប់ពូល B នាល្ងាចនេះ ខណៈកម្ពុជា​ប៉ះ​​ឥណ្ឌូនេស៊ី

76
CMA_LongBanner

ភ្នំពេញ៖​ នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ការប្រកួតពានរង្វាន់ប្រចាំតំបន់ AFF U22 Championship 2019 នឹងត្រូវប្រកួតបញ្ចប់ពូលBហើយ ដោយក្រុមគោព្រៃ U22 កម្ពុជា ត្រូវជួបគ្នាក្រុម  ឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិ និងក្រុម U22 មីយ៉ាន់ម៉ា ត្រូវប៉ះក្រុម U22 ម៉ាឡេស៊ី នៅកីឡដ្ឋាន RSN ដោយចាប់ផ្ដើមប្រកួតនាម៉ោង ៦៖៣០នាទីដូចគ្នា ។

សម្រាប់ U22 គឺជាការប្រកួតធម្មតា ទោះបីឈ្នះ ឬចាញ់ ក៏មិនថ្វី ព្រោះបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ ។ តែបើក្រឡេកទៅមើល ៣ក្រុមផ្សេងទៀត ដែលស្ថិតក្នុងពូលជាមួយកម្ពុជា ថ្ងៃនេះគឺជាការប្រកួតកំណត់ជោគវាសនាពួកគេ ព្រោះបច្ចុប្បន្នក្រុមនីមួយៗ មានពិន្ទុខុសគ្នាត្រឹម ១ពិន្ទុប៉ុណ្ណោះ ពោលគឺក្រុម U22 ឥណ្ឌូនេស៊ីមាន ២ពិន្ទុ ខណៈ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ីមាន ១ពិន្ទុស្មើគ្នា ។ ដូច្នេះក្រុមទាំង ៣ គឺសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីវគ្គបន្ដ ។

ប៉ុន្ដែគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា លោក Felix បានលើកឡើងមុនការប្រកួតថា ទោះបីក្រុម U22 កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិក៏ពិតមែន តែលោកនៅតែរក្សាការគោរព ចំពោះគូប្រកួតជានិច្ច ហេតុនេះអ្វីដែលលោកត្រូវធ្វើ លោកនឹងរៀបចំការប្រកួតមួយដ៏ល្អ សម្រាប់ជំនួបជាមួយក្រុម U22 ឥណ្ឌូនេស៊ីល្ងាចនេះ ហើយបើអាចលោកក៏ត្រូវជ័យជម្នះបន្ដទៀត ដើម្បីបញ្ជាក់ពីភាពរីកចម្រើនរបស់កូនក្រុម និងដណ្ដើមមោទនភាពជូនអ្នកគាំទ្រកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា មកទល់ពេលនេះពាន AFF U22 Championship 2019 បានរកឃើញ ៣ក្រុមឡើងវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ហើយ បន្ទាប់ពីពូល A បញ្ចប់ការប្រកួតកាលពីយប់មិញ ពោលគឺពូល A មានក្រុម U22 វៀតណាម ឈរលេខ១ និងក្រុមការពារតំណែងជើងឯកថៃ ឈរលេខ២ តែមាន ៧ពិន្ទុស្មើគ្នា ខណៈពូលB មានក្រុម U22 កម្ពុជា បានឡើងវគ្គបន្ដមុនគេ ក្រោយឈ្នះម៉ាឡេស៊ី ១-០ និងឈ្នះមីយ៉ាន់ម៉ា ២-០ ដែលធ្វើឲ្យកម្ពុជា ឈរកំពូលតារាង និងត្រូវជួប U22 ថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែកុម្ភៈខាងមុខ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close