រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ អាស៊ាន និងឥណ្ឌា ចាប់ផ្តើមចេញ ពីដៃគូសន្ទនាតាមវិស័យ រហូតក្លាយទៅជា ដៃគូយុទ្ធសាស្ត្រ

66
CMA_LongBanner

ភ្នំពេញ៖ ដើម្បីជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងអាស៊ាន និងឥណ្ឌា ឱ្យបានដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើប្រទេស ឥណ្ឌាឲ្យខិតខំពន្លឿន ការចរចាបញ្ចប់កិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (RCEP) នៅត្រឹមចុងឆ្នាំ២០១៩នេះ ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម។

ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «កិច្ចសហការបង្កើតអនាគត» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងឥណ្ឌា ដែលបាន ចាប់ផ្តើមចេញ ពីដៃគូសន្ទនាតាមវិស័យ រហូតក្លាយទៅជា ដៃគូយុទ្ធសាស្ត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ហើយបច្ចុប្បន្នទំនាក់ទំនងនេះ កំពុងត្រូវបានពង្រឹង និងពង្រីកថែមទៀត តាមរយៈកិច្ចព្រមព្រៀង ទ្វេភាគី និងពហុភាគី ដូចជា RCEP ជាដើម។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ដើម្បីធានាបានស្ថិរភាពកំណើនសេដ្ឋកិច្ច វាពិតជាមានសារៈសំខាន់ ដែលយើងត្រូវបង្កើន និងជំរុញពាណិជ្ជកម្មសេរី នៅក្នុងតំបន់ ដែលជួយបង្កើត ឱកាសធុរកិច្ច និងវិនិយោគ។ ខ្ញុំសូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា សម្រេចបាន ១២៦លានដុល្លារ ខណៈដែលទឹកប្រាក់វិនិយោគ មានប្រហែល ២០លានដុល្លារ “។

សូមជម្រាបថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ឥណ្ឌា (AIFTA) បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០ បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគី និងទឹកប្រាក់វិនិយោគផ្ទាល់ (FDI) ពីប្រទេសឥណ្ឌា មកកាន់ប្រទេសអាស៊ាន មានវឌ្ឍនភាពជាលំដាប់។ ជាក់ស្តែង ទឹកប្រាក់វិនិយោគផ្ទាល់ពីឥណ្ឌា មកកាន់អាស៊ាន បានកើនឡើងពី ១,៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១,៧៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា សម្រេចបានទឹកប្រាក់ ៧៣,៥៩ពាន់លានដុល្លារ គឺកើនឡើង ២៥,៥% ធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥៨,៦ពាន់លានដុល្លារ ប៉ុណ្ណោះ៕

(DAP NEWS)

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close