លោក គីម ជុងអ៊ុន នឹងបន្តទស្សនកិច្ចផ្លូវការ នៅវៀតណាម ដោយតបតាមការអញ្ជើញរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម

57

តបតាមការអញ្ជើញរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិនា ។ គួរបញ្ជាក់ថាមេដឹកនាំកូរ៉េខាងជើង បានមកដល់ប្រទេសវៀតណាម តាំងពីថ្ងៃទី25 ខែកុម្ភៈ សម្រាប់កិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ។

ទស្សនកិច្ចលើកដំបូង មានរយៈពេលជាង 60 ឆ្នាំមកហើយ ដែលបានមកកាន់ប្រទេសវៀតណាម ដោយលោកសេនាប្រមុខ គីម អ៊ីលស៊ុង នៅឆ្នាំ 1958 និងមុនខួបលើកទី 70 នៃចំណងទាក់ទងការទូតទ្វេភាគី ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នឹងកត់សម្គាល់ចំណុចថ្មីមួយនៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ។ ទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងជើង ដែលបានបង្កើតឡើងនៅថ្ងៃទី 31 ខែមករា ឆ្នាំ1950 ដោយលោកប្រធានហូជីមិញ និងសេនាប្រមុខ គីម អ៊ីលស៊ុង បានរីកចម្រើនអស់រយៈពេលជាង 60 ឆ្នាំមកហើយ ដោយមានដំណើរទស្សនកិច្ចជាច្រើន ធ្វើឡើងដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ។

ចំណុចសំខាន់ទាំងពីរ ក្នុងទំនាក់ទំនងទ្វេភាគី គឺសាលាមត្តេយ្យមិត្តភាព វៀតណាម – កូរ៉េខាងជើង នៅទីក្រុងហាណូយ និងសាលាមត្តេយ្យ Kyongsang មិត្តភាព កូរ៉េខាងជើង – វៀតណាម នៅក្រុងព្យុងយ៉ាង ។ ប្រទេសវៀតណាម បានផ្តល់ជំនួយដល់កូរ៉េខាងជើង ដោយមានអង្ករ 100 តោន ក្នុងឆ្នាំ1995 13.000 តោន ក្នុងឆ្នាំ1997 ។ ហើយពីឆ្នាំ 2000 ដល់ 2012 បានផ្តល់អង្ករ 22.700 តោន ក៏ដូចជាកៅស៊ូឆៅ 5 តោន និងជំនួយ 50.000 ដុល្លារ និងបន្ទាប់មក 70.000 ដុល្លារក្នុងឆ្នាំ 2016 សម្រាប់ជនរងគ្រោះដោយទឹកជំនន់ នៅកូរ៉េខាងជើង ។

នៅទសវត្ស 1960-70 កូរ៉េខាងជើង បានជួយវៀតណាមដោយការបង្ហាត់បង្រៀននិស្សិតរាប់ពាន់នាក់ និងទីភ្នាក់ងារអប់រំនៃប្រទេសទាំងពីរ កំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអប់រំ ។ នៅឆ្នាំ 2002 ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមសមុទ្រ ការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក ការលើកកម្ពស់ និងការការពារវិនិយោគ និងការជៀសវាងពន្ធទ្វេដង ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ លើវេទិការអន្តរជាតិ និងតំបន់ដូចជា អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ និងវេទិកាតំបន់អាស៊ាន ក៏ដូចជាបង្កើនការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាដែលជាក្តីកង្វល់រួម ។ ថ្មីៗនេះចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី14 ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងជើង ។ ពាណិជ្ជកម្មទ្វេភាគី នៅតែមានកំរិតតិចតួច តែប្រទេសទាំងពីរតែងតែព្យាយាមពង្រីកវា ។ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ 8 លានដុល្លារ ក្នុងឆ្នាំ 2014 និង 11,6 លានដុល្លារក្នុងឆ្នាំ 2015 ។

នៅឆ្នាំ 2017 ការនាំចេញរបស់វៀតណាម ទៅកាន់កូរ៉េខាងជើង បានឈានដល់ 7,32 លានដុល្លារ ដោយមានផលិតផលចំណីសត្វ ។ ក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2018 ការនាំចេញរបស់វៀតណាមបានកើនឡើងដល់ 497.000 ដុល្លារ ។ ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close