អ្នក​ជំនាញស៊ី​ហ្គេម​​ថា សម្រាប់​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ដំបូង កម្ពុជា​នា​ឆ្នាំ​២០២៣ ​ខាងមុខ ​អាច​​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​

53
CMA_LongBanner

ស៊ី​ហ្គេម៖ លោក​សាស្ត្រាចារ្យ Sheik Kok Chi មន្ត្រី​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​ជា​អ្នក​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ​បាន​អះ​អាង​ថា សម្រាប់​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ដំបូង ​របស់​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០២៣ ​ខាងមុខ កម្ពុជា​អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​ឯណោះ។

ការ​ថ្លែង​បែបនេះ​បាន​ធ្វើ​ឡើង​ក្នុង​បទ​បង្ហាញ​របស់​ខ្លួន ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ឬ​ហៅ​កាត់​ថា (CAMSOC) កាលពី​ថ្មីៗ។ តែ​យ៉ាងណា​លោក Sheik Kok Chi ក៏បាន​បញ្ជាក់​ដែរ​ថា នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​ប៉ុណ្ណោះ។ អ្នក​ជំនាញ​ស៊ី​ហ្គេម​ដដែល​បាន​បញ្ជាក់​ថា ការ​ចំណាយ​ដល់​ទៅ ២០០​លាន​ដុល្លារដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក្នុង​នោះ ១០០​លាន​ដុល្លារគឺ​សម្រាប់​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស តែ​មិន​រាប់បញ្ចូល​ទាំង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ ខណៈ ១០០​លាន​ដុល្លារ​ទៀត សម្រាប់​រៀបចំ​ការប្រកួត​ជាក់ស្ដែង​តែម្ដង។​ សម្រាប់​ការ​ប៉ាន់​ស្មាន​របស់​លោក Sheik Kok Chi ដោយសារ​លោក​ផ្អែកលើ​ការ​ចំណាយ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ៤​លើក​ចុង​ក្រោយ ដូចជា​ស៊ី​ហ្គេម​ឆ្នាំ​២០១១ នៅ​ឥណ្ឌូនេស៊ី​ចំណាយ​ប្រមាណ ៣៤០​លាន​ដុល្លារ​, ស៊ី​ហ្គេម​ឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា​ចំណាយ​ប្រមាណ ៣៥៣​លាន​ដុល្លារ​, ស៊ី​ហ្គេម​ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី​ចំណាយ​ប្រមាណ ២៣៣​លាន​ដុល្លារ និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី​ចំណាយ​ប្រមាណ ១០៥​លាន​ដុល្លារ។

តែ​ក្រោយ​ចប់​កិច្ចប្រជុំ​នោះ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់​ថា ខ្ទង់​ចំណាយ​នេះគ្រាន់តែ​ជា​ការ​ប៉ាន់ប្រមាណ​របស់​លោក Sheik Kok Chi ដោយ​ផ្អែកលើ​បទពិសោធន៍​របស់​លោក​ប៉ុណ្ណោះ ចំណែក​ការ​ចំណាយ​ជាក់ស្ដែងគឺ​អាស្រ័យ​លើ​ការរៀបចំ​ក្នុងនាម​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។ ដូច្នេះ​ខ្ទង់​ចំណាយ​ជាក់ស្ដែងនឹង​ដឹង​ ក្រោយ​ចប់​ព្រឹត្តិការណ៍​ទាំងមូល។ គួរ​បញ្ជាក់​ថា ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ដើម្បី​ត្រៀមខ្លួន​រៀបចំ​ប្រកបដោយ​ភាព​ជោគជ័យ និង​ផ្លែផ្កា​ល្អ​ប្រសើរពិសេស​គឺ​ការ​ដណ្ដើម​មេដាយ។ ប៉ុន្តែ​មក​​ទល់​ពេល​នេះ​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ​កំពុង​រៀបចំ​ជា​បណ្ដើរៗ​ហើយដោយ​ពុំ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ តែ​អ្វី​ដែល​ជា​ក្ដី​​បារម្ភ​នោះ​គឺ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដែល​ថ្នាក់ដឹកនាំ​កំពុង​ជំរុញ និង​ការអភិវឌ្ឍ​បន្ថែម៕

ប្រភព៖BTV

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close