លោក គីម ជុងអ៊ុន ជិះលើរថភ្លើង​ត្រឡប់ទៅកាន់ប្រទេស​កូរ៉េខាងជើងវិញ​ហើយ ក្រោយពេលញ្ចប់ដំណើរ​ទស្សន​កិច្ចរយៈពេល ០៤ថ្ងៃក្នុងប្រទេស​វៀតណាម

83

វៀតណាម៖ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩នេះបើ​តាមការ​ចេញផ្សាយ​​ដោយសារព័ត៌មាន VN Express បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះលើរថភ្លើង​ត្រឡប់ទៅកាន់ប្រទេស​កូរ៉េខាងជើងវិញ​ហើយ នៅរសៀលថ្ងៃសៅរ៍នេះ​បន្ទាប់ពី​បញ្ចប់ដំណើរ​ទស្សន​កិច្ចរយៈពេល ០៤ថ្ងៃក្នុងប្រទេស​វៀតណាម និងកិច្ចប្រជុំកំពូល​លើកទីពីរជាមួយប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ដោយគ្មាន​កិច្ចព្រមព្រៀង​អ្វីទាំងអស់នោះ។

មុនធ្វើដំណើរចាកចេញ​លោក គីម ជុងអ៊ុន​ ត្រូវបានទទួល​ស្វាគមន៍យ៉ាកក់ក្ដៅពីប្រជាជន​នៅក្នុងតំបន់ និងក្រុមមន្ត្រី​វៀតណាម នៅឯស្ថានីយ​រថភ្លើងនៃ​ទីក្រុង Dong Dang ហើយលោក​ក៏ត្រូវបានគេរំពឹងដែរថា នឹងចំណាយពេល​ច្រើនជាង ៤០ម៉ោង ក្នុងចំងាយ ផ្លូវជា ៤,៥០០គីឡូម៉ែត្រឆ្ពោះ​ទៅកាន់​ទីក្រុងព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើងវិញ។

បន្ថែមពីខាង​លើនេះ លោក គីម ត្រូវបានទទួល​ស្វាគមន៍ពីសំណាក់​​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន ហ្សួនភុក និង​ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី ង្វៀន ធីគីមង៉ាន ផងដែរ។ រហូតដល់ថ្ងៃសៅរ៍នេះ លោក គីម និងគណៈប្រភិភូ​កូរ៉េខាងជើង បានបំពេញទស្សនកិច្ច​ទៅកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធ​លោក ហូ ជីមិញ អតីតមេដឹកនាំ​វៀតណាម ដែលជាមិត្ត​ជិតស្និទ្ធនឹង​ជីតា គីម អ៊ីលស៊ុង។

ងាកទៅ​​កាន់​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើងវិញ គឺបានចុះផ្សាយ​ដោយចាត់ទុកវៀតណាម​​ជាប្រទេស​ដែលស្ថិត​ក្នុងគោលដៅ​ប្រសើរមួយ សម្រាប់ប្រមុខ​ដឹកនាំ គីម ក្នុងការបំពេញ​ទស្សនកិច្ច។ សម្រាប់ដំណើរទស្សនកិច្ច​ ដែលចាប់ផ្តើមជាផ្លូវការ​កាលពី​ល្ងាចថ្ងៃសុក្រ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើង ត្រូវបាន​ទទួលស្វាគមន៍​​ដោយប្រធាន​បក្សកុម្មុយនិស្ត និងជាប្រធានាធិបតី​វៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋ​នៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើង​​កំពុង​តែព្យាយាម បើក​ចំហ​ទ្វារទៅកាន់​អន្តរជាតិ​ដើម្បីងាកទៅផ្តោត​សំខាន់លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំពោះមុខ​ទណ្ឌកម្ម​​អន្តរជាតិ។

គួរបញ្ជាក់ថា គិតចាប់តាំងពីលោក គីម ជុងអ៊ុន បានឡើងកាន់តំណែងរយៈពេលជាង ៦ឆ្នាំ ក្រោយឪពុក​របស់លោក​បានទទួលមរណភាព​កាលពីចុង​ឆ្នាំ២០១១ នោះមក វៀតណាម​​គឺជាដែនដី​បរទេស​ទី ៤ ហើយដែល​លោក គីម បានមកបំពេញ​ដំណើរទស្សនកិច្ច ដែល​ទីមួយគឺ​ប្រទេស​ចិន ទីពីរប្រទេស​កូរ៉េខាងត្បូង និងទីបីគឺប្រទេស​សិង្ហបុរី តែក្នុងអំឡុងពេល ១២ខែចុងក្រោយនេះប៉ុណ្ណោះ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close