នោះ! បណ្តាគូប្រជែងផ្នែកទីតាំង​ភូមិសាស្រ្ត​នយោបាយរបស់​ប្រទេសរុស្ស៊ី កំពុងតែត្រៀម​លក្ខណៈរៀងៗ​ខ្លួន ដើម្បីការធ្វើ​សង្រ្គាម​​បច្ចេក​វិទ្យា​​​​​នៅ​ក្នុងទីអវកាស

133

ម៉ូស្គូ៖ ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik បានឱ្យដឹងនៅរសៀលនេះថា ប្រធាន​អគ្គសេនាធិការ​​យោធា និងជាអនុរដ្ឋមន្រ្តីទីមួយ​នៃក្រសួង​ការពារជាតិរុស្ស៊ី លោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) បានឱ្យដឹង​ថា បណ្តាគូប្រជែងផ្នែកទីតាំង​ភូមិសាស្រ្ត​នយោបាយរបស់​ប្រទេសរុស្ស៊ី កំពុងតែត្រៀម​លក្ខណៈរៀងៗ​ខ្លួន ដើម្បីការធ្វើ​សង្រ្គាម​​បច្ចេក​វិទ្យា​​​​​នៅ​ក្នុងទីអវកាស។ ​

នៅក្នុងសន្និសីទ​មួយស្តីពីការអភិវឌ្ឍ​ផែនការ​យុទ្ធសាស្រ្ត​យោធា លោក Valery Gerasimov បានលើក​ឡើងថា បណ្តាគូប្រជែង​​ផ្នែក​ភូមិសាស្រ្តនយោបាយ​​របស់រុស្ស៊ី កំពុងតែត្រៀមរៀបចំ​លក្ខណៈរៀងៗ​ខ្លួន សម្រាប់ការធ្វើ​សង្រ្គាមបច្ចេកវិទ្យា តាមរយៈ​ការ​ប្រើ​​ប្រាស់​សព្វាវុធ​ពី​ទីអវកាស និង​ការ​ប្រើ​​បច្ចេកវិទ្យាព័ត៌មាន​ជាអាវុធជាដើម ហេតុដូចនេះ​ការរិះរកយុទ្ធសាស្រ្ត​​ដែលសាកសម សម្រាប់​ការ​ត្រៀម​​ធ្វើ​​សង្រ្គាម​​ជាមួយគូសត្រូវ​ខុសពីពេល​មុនៗ គឺមាន​សារៈសំខាន់ជាខ្លាំង ក្នុងការបង្កើតទ្រឹស្តី​ក៏ដូចជា​ការ​អនុ​វត្ត​​នៃ​​យុទ្ធ​សាស្រ្ត​យោធា។

លោក Gerasimov បានសង្កត់ធ្ងន់ថា ​កងកម្លាំងយោធា​នៃប្រទេសរុស្ស៊ី ត្រូវតែត្រៀមខ្លួន​ឱ្យរួចរាល់ សម្រាប់​ជម្លោះ​ប្រដាប់​អាវុធក្នុងទម្រង់ថ្មី ដែលនឹងតម្រូវឱ្យប្រើប្រាស់​វីធីស្រាស្រ្តថ្មីៗ។ ថ្លែងពាក់ព័ន្ធនឹង​គោលជំហរ​នយោបាយ និងយោធា​របស់​សហរដ្ឋអាមេរិក លោក Gerasimov បានកត់​សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងតែងាកទៅរកសកម្មភាព​​យោធា​បែប​ឈ្លាន​ពាន និងមានគោលដៅបំផ្លាញរាល់អធិបតេយ្យភាព​ នៃបណ្តាប្រទេស​ដែលពួកគេ​មិនពេញចិត្ត។

សូមបញ្ជាក់ថា ការបង្ហាញចេញនូវសព្វាវុធថ្មីៗ ជាពិសេសផ្កាយរណបយោធា និង​មីស៊ីល​ផ្លោង និងការពារដែនអាកាសពីសំណាក់រុស្ស៊ីនាពេលនេះ គឺកើតមានឡើង​ក្រោយពី​សហរដ្ឋអាមេរិក​អនុម័តឲ្យមានការបង្កើតកងទ័ពអវកាស ដើម្បីការពារទីអវកាសអាមេរិក​ពីការវាយប្រហារនានាដោយសត្រូវ ដែលអាចកើតមាននៅថ្ងៃអនាគត ហើយ​ប្រការនេះ​គឺ​សហរដ្ឋអាមេរិកចង់សំដៅលើ រុស្ស៊ី និងចិនតែម្តង៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close