សម្ដចតេជោ ហ៊ុន សែន ឲ្យមេធាវីត្រៀមប្ដឹង អ្នកប្រមាថជីវិត របស់សម្ដេចតាមរយៈបណ្ដាញហ្វេសប៊ុក

63
CMA_LongBanner

កោះកុង៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្ដេចកំពុងតែឱ្យក្រុមមេធាវីរបស់លោក សិក្សាដើម្បីឈានទៅដល់ការប្តឹងទៅតុលាការ ចំពោះជនទាំងឡាយ ដែលបានប្រមាថដល់លោក នៅលើបណ្តាញសង្គម Facebook។

ការអះអាងបែបនេះរបស់សម្ដចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណជាង ១ម៉ឺន៣ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

នៅក្នុងពិធីនោះសម្ដចតេជោ ហ៊ុន សែនបានបង្ហើបថា សម្ដេចកំពុងឱ្យក្រុមមេធាវីរបស់លោក សិក្សាប្តឹងអ្នកប្រមាថលោកនៅតាម Facebook។ សម្ដចតេជោ ហ៊ុន សែន បានថ្លែងថា សារប្រមាថរបស់លោកនោះមានមិនតិចជាង៣០នោះទេ។

សម្ដចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា លោកនឹងប្តឹងទារសំណងជំងឺចិត្តមិនតិចជាង ២លានដុល្លារនោះទេ ហើយបានលើកឡើងទៀតថា បើទោះបីអ្នកប្រមាថនោះនៅក្រៅស្រុកយ៉ាងណាក្តី តែទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងស្រុកទាំងអស់។ លោកនឹងរឹបអូសយកទ្រព្យសម្បត្តិនោះទៅលក់យកលុយជួយកុមារកំព្រាតែម្តង នៅពេលដែលតុលាការសម្រេចឱ្យសងជំងឺចិត្ត។

បើតាមការទម្លាយរបស់សម្ដចតេជោ ហ៊ុន សែន, អ្នកប្រមាថនៅលើបណ្តាញសង្គម Facebook ដែលលោក គ្រោងនឹងប្តឹងទៅតុលាការខាងមុខនេះនេះ គឺជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង ដែលតុលាការកាត់ទោសរំលាយចោលកាលពីចុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាលោកមិនបានបង្ហើបចំឈ្មោះចំពោះ បុគ្គលនោះនៅឡើយទេ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ដើម្បីភាពសុខដុមរមនា និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានស្នើទៅដល់អ្នកលេង Facebook ទាំងអស់បញ្ឈប់នូវការជេរប្រមាថគ្នា ដែលកន្លងមក ទង្វើបែបនេះបានធ្វើឱ្យបាត់បង់សីលធម៌ខ្មែរមានការអាប់ឱនជាបន្តបន្ទាប់។

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។

បទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close