ឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ

43
CMA_LongBanner

ភ្នំពេញ​៖​ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា​រវាង​ ស​ម្ដេចតេជោ​​ ហ៊ុន សែន និងលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅវិមានសន្តិភាព នាវេលាម៉ោង១២៖០០ ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ មេដឹកនាំទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន៥ ដែលជាកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។

ឯកសារកិច្ចព្រមព្រៀងសំខាន់ៗទាំង៥នោះរួមមាន៖
ទី១- កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩-២០២៣ ចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ។

ទី២- អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ ។

ទី៣- កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៉ឺន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ ។

ទី៤- អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ។

ទី៥- អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ៉្យុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close