ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ របស់និស្សិត​សាកលវិទ្យាល័យ​ឥន្រ្ទវិជ្ជា​ នៅ​ស្ថាប័ន​​ព្រឹទ្ធសភា​

233
CMA_LongBanner

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​សៅរ៍​ ១១កេីត​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធ​ ពស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៩នេះ​ ថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ​ឥន្រ្ទវិជ្ជា​ បានដឹក​នាំនិស្សិទៅ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​​នៅស្ថាប័នព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

គោលបំណងនៃទស្សនកិច្ចសិក្សានេះធ្វើឡើង ដើម្បីឱ្យនិស្សិតបាន ស្វែងយល់ពី ប្រវត្តិ បេសកកម្ម រចនាសម្ព័ន្ធ តួនាទីភារកិច្ច ដំណើរនីតិកម្ម ព្រមទាំង ចំណុចសំខាន់ៗ ជាច្រើន ទៀតទៀតដែលស្ថាប័នមួយ​នេះ បានបំពេញក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្ន ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សាកលវិទ្យាល័យ​ឥន្រ្ទវិជ្ជា​ ជារៀងរាល់ឆ្នាំតែងតែដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់ការសិក្សាទៅ នឹងការអនុវត្តជាក់ស្ដែង ដើម្បីជាប្រយោជន៍ ទទួលបាននូវបទពិសោធន៍​ និងចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់និស្សិត។​

ឯកឧត្ដម​ ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានថ្លែងថា សភានៅកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៧ មកម្ល៉េះ ដោយមានសភា ២ ថ្នាក់ គឺ រដ្ឋសភា និង ព្រឹទ្ធសភា ។ ប៉ុន្ដែនៅពេលបង្កើតឡើងដំបូងនោះគេមិនហៅ ព្រឹទ្ធសភាទេ គឺគេហៅក្រុមប្រឹក្សានៃព្រះរាជាណាចក្រកម្ពុជា ។ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៩ ពោលគឺ ក្នុងរបបខ្មែរក្រហម និងក្រោយរបបខ្មែក្រហម ក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ក៏គ្មានព្រឹទ្ធសភាដែរ គឺមានតែរដ្ឋសភាប៉ុណ្ណោះ។​ចាប់ពីឆ្នាំ១៩៩៩ ទើបកម្ពុជាបង្កើតស្ថាប័នព្រឹទ្ធសភាឡើងវិញដែលមកទល់ពេលនេះ បានប្រព្រឹត្តិទៅចំនួន៣នីតិកាលហើយ។បច្ចុប្បន្ននេះ សមាជិកព្រឹទ្ធសភា សរុបមានចំនួន៦១រូប គឺស្មើនិងពាក់កណ្ដាលនានៃចំនួនសមាជិករដ្ឋសភា។

ឯកឧត្តម​លើកឡើងថា ព្រឹទ្ធសភា គឺជាស្ថាប័នមួយពិនិត្យឲ្យយោបល់លើអត្ថបទច្បាប់ ដែលអនុម័ត ដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ព្រឹទ្ធសភា គឺការពិនិត្យឡើងវិញរាល់អត្ថបទច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបាន អនុម័ត រួចហើយអោយ ព្រះមហាក្សត្រឡាយ ព្រះហស្តលេខា ប្រកាស ដាក់អោយប្រើជាផ្លូវការមុនពេលដាក់ ឆ្លងអោយ ព្រឹទ្ធសភាពិនិត្យបានឡើយ។

លោក សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ នៃព្រឹទ្ធសភា ក៏បានផ្តល់បទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដំណើរការកសាងច្បាប់ និងបានបកស្រាយនូវ សំណួរដែលនិស្សិតបានលើកឡើង ផងដែរ។ លោកបានបញ្ជាក់ថា ព្រឹទ្ធសភាបានបំពេញមុខងារជាច្រើន ទៅតាមក្របខណ្ឌការងាររបស់ខ្លួន ប៉ុន្ដែមុខងារដែលចំបង ៣ គឺនីតិកម្ម ត្រួតពិនិត្យ និងតំណាងប្រជាពលរដ្ឋ ។​

គួរបញ្ជាក់ថា សាកលវិទ្យាល័យ​ឥន្រ្ទវិជ្ជា​មានការបណ្តុះបណ្តាលគ្រប់​កម្រិត​ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close