សមត្ថកិច្ចខណ្ឌចំការមន ចុះប្រមូលជនប្រុសស្រី ៨នាក់ នៅក្នុងទីតាំងបាញ់ត្រី​មួយកន្លែង​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​

66
Le_Spa_LongBannerlow

រាជធានីភ្នំពេញ​ ៖ ធ្លាប់មានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែលបើកទូរហ្គេមបាញ់ត្រីឲ្យអស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែងករណីនេះកើតឡើងវិញម្ដងទៀត ជាក់ស្ដែង​ទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែ​មួយកន្លែង​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ បានបើកឡើងវិញ​ហើយ។

ក្នុងចំណោម​ទីតាំងដែលលួចបើកល្បែងស៊ីសងជាច្រើនកន្លែង (មានទាំងណេត២៤ម៉ោង​ បង្កប់ល្បែងភ្នាល់អនឡាញ និងទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង) ទូទាំងរាជធានីភ្នំពេញ​ កំពុងបើកដំណើរ២៤ម៉ោង លើ២៤ម៉ោង​ មិនមានអ្នកណាហ៊ានបង្រ្កាប​ ព្រោះទីតាំងខ្លះជាឆ្នាំងបាយរបស់អស់លោក​រក្សាទុក គឺមានអ្នកកាងមិនអោយអ្នកណាបង្រ្កាបនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន បានចុះប្រមូលជនប្រុសស្រីដែលពពាក់ពពូនគ្នា នៅក្នុងទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង​ នៅចម្ងាយពីអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រហែល៥០០ម៉ែត្រ​ ដោយធ្វើការឃាត់មនុស្សប្រុសស្រីជាច្រើននាក់​ បញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ទាំងយប់។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០១:១៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី១៦​ ខែមីនា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះមួយកន្លែងដែលមានអក្សរ RRR នៅតាមផ្លូវលេខ៩៧​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានប្រាប់ឲ្យភ្នាក់ងារ​ មជ្ឈមណ្ឌលព័ត៌មាន​ កម្ពុជាទាន់ហេតុការណ៍​ CHN​​ ដឹងថា​ ក្នុងការចុះប្រមូលជនប្រុសស្រីដែលពពាក់ពពូនគ្នា​ នៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ដុះស្លខាងលើ គឺកម្លាំងបានធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប ៨នាក់ (ក្នុងនោះក៏មានអ្នកមើលការខុសត្រូវ ប្រុសស្រីចំនួន​ ០២នាក់) និងពុំមានការដកហូតវត្ថុតាង​ ឬ​សម្ភារផ្សេងៗ​ទៀតនោះទេ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុសស្រីទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជូនទៅធ្វើការសាកសួរនៅ​ ស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវបណ្ដោះអាសន្ន។

ចំណែកទូរហ្គេមចំនួន២គ្រឿង នៅក្នុងទីតាំងខាងលេីនោះ​ ទុកអោយបើកលេង​ពេលក្រោយទៀត។

លោកឧត្តមសេនីយ៍ ស ថេត ក៏ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា «កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឲ្យបង្រ្កាបឲ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតឲ្យបើកវិញ ?»

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ សង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើង ដែលកើតចេញពីកន្លែង មានហ្គេមបាញ់ត្រី ហើយរួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ៕ (អត្ថបទរូបភាព​ បងម៉េង​)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close