លោក Keisuke Honda បាននាំអតីតគ្រូរបស់ខ្លួននៅក្លឹប AC Milan ២នាក់ មកជួយ U-23 កម្ពុជា

203
CMA_LongBanner

ភ្នំពេញ៖ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បាននាំអតីតគ្រូរបស់ខ្លួននៅក្លឹប AC Milan ២នាក់ មកជួយ U-23 កម្ពុជា នៅក្នុងការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គ្រូបង្វឹកដែល ត្រូវបានអ្នកចាត់ការទូទៅ Honda នាំមកជួយ U-23 កម្ពុជា គឺមានឈ្មោះថា Alfredo Magni វ័យ៥២ឆ្នាំ គឺជាអតីតគ្រូចាំទីរបស់ក្លឹប AC Milan ( ជាក្លឹបនៃលីគកំពូលអ៊ីតាលី ) ពីអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ពោលគឺនៅគ្រាដែល Keisuke Honda កំពុងប្រកបអាជីពជាមួយក្លឹបនេះផ្ទាល់តែម្ដង ( Honda រួមរស់ជាមួយ AC Milan ពីឆ្នាំ២០១៤-២០១៧ )។

ដោយឡែកគ្រូមួយរូបទៀតក៏ជាគ្រូអ្នកចាំទីដូចគ្នា មានឈ្មោះថា Giorgio Bianchi វ័យ៤៣ឆ្នាំ ធ្វើការជាមួយក្លឹប AC Milan បាន ១ឆ្នាំផងដែរ កាលពីឆ្នាំ២០១៧ ដែលជាឆ្នាំចុងក្រោយរបស់ Honda ប្រកបអាជីពជាមួយក្លឹបនៅអ៊ីតាលីមួយនេះ។

ប្រភពសុំមិនបង្ហាញឈ្មោះមួយបានឲ្យដឹងថា យ៉ាងណាក៏ដោយគ្រូបង្វឹកទាំង ២នេះ គ្រាន់តែមកជួយតាមរយៈលោក Honda ប៉ុណ្ណោះ ចំពោះថាតើនឹងទទួលតំណែងផ្លូវការបែបណានោះពុំទាន់មានការបញ្ជាក់ឡើយ។

គួរដឹងដែរថា គ្រូបង្វឹកអ្នកចាំទីជនជាតិអ៊ីតាលី ទាំង២រូបនេះ បានចាប់ដៃគូគ្នានៅឆ្នាំ២០១៧ ធ្វើជាគ្រូបង្វឹកអ្នកចាំទីប្រចាំក្លឹប AC Milan ក្នុងនោះអ្នកចាំទីនៃក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ក៏ជាកីឡាករដែលស្ថិតនៅក្រោមការបង្វឹករបស់គ្រូទាំងពីររូបនេះផងដែរ។ Gianluigi Donnarumma បច្ចុប្បន្នកំពុងមានឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ីតាលី ត្រៀមប្រកួតក្នុងវគ្គជម្រុះពានប្រចាំទ្វីបអ៊ឺរ៉ុប ( UEFA Euro 2020 qualifying ) នៅចុងខែមីនា នេះដូចគ្នា។

សូមបញ្ជាក់ថា គ្រូបង្វឹកទាំង ២រូបនេះ អាចនឹងរួមចំណែកជួយ U-23 កម្ពុជា ប្រកួតតទល់ជាមួយ U-23 នៃប្រទេស៣ផ្សេងទៀត រួមមានកូរ៉េខាងត្បូងអូស្ត្រាលី និងឆាយនីសតៃប៊ិ ក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រចាំពូល H ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

ប្រភព៖ camsport

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close