UI_LongBanner

ផ្ញើកូន១៧មុឺនដុល្លារ ទុកមើលជម្ងឺពេលម៉ែចាស់ទៅ កូនលោភលន់យកទៅទិញផ្ទះ ទិញឡាន-ម៉ូតូ រួមរស់ជាមួយប្ដីស្ងាត់ជ្រាប! (មានវីដេអូ)

244

ភ្នំពេញ ៖ រឿងរ៉ាវដ៏ហួសចិត្តមួយបានកេីតឡេីងដោយស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ប៉ុល យ៉ន លក់ផ្ទះបាន២៧មុឺនដុល្លាររួចក៏ចែកកូនចៅនៅសល់១៧មុឺនដុល្លារដើម្បីទុកសម្រាប់ចាយវាយពេលចាស់ជរា ដោយសារតែទុកចិត្តចំពោះកូនស្រីពៅពេក ក៏បានផ្ញើលុយចំនួន១៧មុឺនដុល្លារនោះ ឲ្យទៅរក្សាទុកនៅក្នុងកុងធនាគារ តែបែជាកូនស្រីពៅ បែរជាទៅរស់នៅជាមួយប្ដី ហេីយថែមទាំងយកលុយទៅទិញផ្ទះ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងសម្ភារនិយមជាច្រើនទៀត ដោយមិនឲ្យអ៊ុស្រីខាងលើដឹងលឺនោះទេ នៅពេលឈឺថ្កាត់ទៅយកលុយមកមើលជម្ងឺក៏មិនឲ្យទៀត ធ្វើឲ្យគាត់តូចចិត្ត ព្រោះគ្មានលុយប្ដឹងផ្ដល់ឲ្យគេជួយរកបានយុត្តិធម៌ឡេីយ ទើបនៅយប់ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩នេះ រូបគាត់និងកូនស្រីបង បានពឹងពាក់ក្រុមអ្នកសារព័ត៌មានឲ្យជួយផ្សាយដំណឹងនេះ ដល់អាជ្ញាធរជំនាញពាក់ព័ន្ធ និងដល់សម្ដេចតេជោ ជួយរកយុត្តិធម៌ដល់រូបគាត់ផង។

អ៊ុស្រីវ័យចំណាស់ខាងលើមានឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីបង នៅអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដោយរូបគាត់មានកូនស្រី២នាក់ ម្នាក់មានអាយុ៥១ឆ្នាំ និងម្នាក់ទៀតអាយុជាង៤០ឆ្នាំ ។

បើតាមសម្ដីអ៊ុស្រីវ័យចំណាស់ខាងលើបាននិយាយប្រាប់ទាំងទឹកភ្នែកថា កាលពីជាង២ឆ្នាំមុន (មិនចាំថ្ងៃខែច្បាស់) រូបគាត់ត្រូវបានកូនស្រីពៅ ល្បួងឲ្យលក់ផ្ទះរបស់គាត់ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានលុយ២៧មុឺនដុល្លារ ។

បន្ទាប់មក រូបគាត់ក៏បានចែកឲ្យកូនស្រីច្បងចំនួន៣មុឺនដុល្លារ និងទិញគ្រឿងអលង្ការ ឲ្យកូនចៅអស់ប្រហែល១មុឺនដុល្លារទៀត ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំ អស់លុយមួយចំនួនទៀត ហើយបានឲ្យកូនស្រីពៅឈ្មោះ សុខ ណន ចំនួន១៧មុឺនដុល្លារ ដើម្បីរក្សាទុកសម្រាប់ពេលចាស់ជរា ដោយកូនស្រីពៅក៏បានសន្យាថា និងមើលថែរូបគាត់ផងដែរ ។

ក្រោយមកកូនស្រីពៅឈ្មោះ សុខ ណន នោះមិនបានយកលុយទៅរក្សាទុកនោះទេ ក៏បានលួចយកទៅទិញផ្ទះដាក់ឈ្មោះខ្លួនឯង និងទិញឡាន ទិញម៉ូតូធ្វើជារបស់ផ្ទាល់ខ្លួន ហេីយទុកឲ្យម្ដាយរស់នៅផ្ទះតែម្នាក់ឯង ទាំងមិនបានមើលថែទៀត ទើបធ្វើឲ្យអ៊ុស្រីរស់នៅទាំងលំបាកវេទនា ក៏រត់មករកកូនស្រីច្បងឲ្យជួយដោះស្រាយ និងសុំលុយខ្លះៗមកមើលជម្ងឺគាត់ តែបែជាកូនស្រីពៅ បោះសម្ដីមិនសមរម្ប និងថាឲ្យម្ដាយព្រមទាំងបងស្រីទៅប្ដឹងអី ប្ដឹងទៅ ។

ដោយសារតែទ្រាំនឹង សម្ដីកូនស្រីពៅ តបមកខ្លួនជាម្ដាយ ដោយ មិនសមរម្យនោះ នៅយប់ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩នេះ ដោយអ៊ុស្រីគិតថាគ្មានលុយសម្រាប់ប្ដឹងផ្ដល់ ក៏បានឲ្យកូនស្រីច្បងពឹងពាក់ក្រុមអ្នកសារព័ត៌មានចុះផ្សាយដំណឹងនេះ ដើម្បីឲ្យអាជ្ញាធរជំនាញ និងសម្ដេចតេជោ ក្រែងលោ ដឹងដល់សម្ដេច លោកនឹងជួយរកយុត្តិធម៌ដល់រូបគាត់ផង ហេីយលេីកដៃសំពះ និយាយទាំង ក្ដុកក្ដួល អួរ ថា ទោះបីមិនបានលុយទាំងអស់ត្រឡប់មកវិញ ក៏សង្ឃឹមថាបានត្រឹមតែបន្តុចបន្តួច ទុកសម្រាប់មើលជម្ងឺគាត់ក៏អស់ចិត្តដែរ ៕ (ដោយ ម៉េង)

អត្ថបទដែលជាប់ទាក់ទង
Open

Close