UI_LongBanner

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធានាថា ភាពតានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡានាពេលបច្ចុប្បន្ន នឹងមិនប្រែក្លាយទៅជាប្រទេសស៊ីរីទី ២ នោះឡើយ

73

ការ៉ាកាស់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានធានាថា ភាពតានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡានាពេលបច្ចុប្បន្ន នឹងមិនប្រែក្លាយ ទៅជាវិបត្តិតំបន់ ដែនសមុទ្រការីបៀន (Caribbean) សាជាថ្មី ឬក៏អាចធ្វើឱ្យ ប្រជាជាតិអាមេរិកឡាទីនមួយនេះ ក្លាយទៅជាប្រទេសស៊ីរីទី ២ នោះឡើយ។

ការកត់សម្គាល់ខាងលើរបស់លោក Lavrov ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ម៉ូស្កូវស្កាយ កូមសូម៉ូឡេតស៍ (Moskovsky Komsomolets) នៅក្នុងសប្ដាហ៍នេះ និងចំពេលដែលសហរដ្ឋអាមេរិក បានព្រមានធ្វើអន្តរាគមន៍យោធាក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីផ្ដួលរំលំរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ជាបន្តបន្ទាប់។

CMA_LongBanner

នាឱកាសនោះ ប្រមុខការបរទេសរុស្ស៊ីបានគូសបញ្ជាកយ៉ាងដូច្នេះថា «យើងមិនអាចទទួលយកបានឡើយ ចំពោះវិធីសាស្ត្រដែលអាមេរិកកំពុងអនុវត្ត ដោយយកលេសកែលម្អជីវភាពរបស់ ប្រជាជនវេណេស៊ុយអេឡា… ប៉ុន្តែខ្ញុំសូមធានាថា បើសិនជាសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធា ទៅប្រឆាំងទីក្រុងការ៉ាកាស់ នោះបណ្ដាប្រទេសទាំងអស់មុខជា នឹងចេញមុខជំទាស់ ហើយខ្ញុំគិតថាវិបត្តិតំបន់ Caribbean ក៏មិនផ្ទុះឡើងសាជាថ្មី ឬក៏ធ្វើឱ្យប្រទេសវេណេស៊ុយអេឡាក្លាយទៅជាប្រទេសស៊ីរីទី ២ នោះទេ»។

សូមបញ្ជាក់ថា វិបត្តិតំបន់ Caribbean ដែលលោក Sergey Lavrov បានលើកឡើងគឺចង់សំដៅទៅលើវិបត្តិមីស៊ីលនៅគុយបា កាលពីកំឡុងឆ្នាំ១៩៦២ រវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងម៉ូស្គូបានដាក់ពង្រាយ មីស៊ីល-នុយក្លេអ៊ែរ នៅលើទឹកដីគុយបា ជាការឆ្លើយទៅនឹងការដាក់ពង្រាយមីស៊ីលនៅអ៊ីតាលី និងតួកគីពីសំណាក់ទីក្រុងវ៉ាស៊ីនតោន៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close