រាត្រីស្ងាត់ជិតចូលឆ្នាំខ្មែរ! សន្តិសុខក្រសួងសាធារណៈការម្នាក់ ស្លាប់ភ្លាមមួយរំពេច ខណៈពេលកំពុងជិះម៉ូតូតែម្នាក់ឯង ត្រូវរថយន្ត CAMRY Hybrid បេីកទៅបុកពេញទំហឹង!

1,048

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច ខណៈពេលកំពុងជិះម៉ូតូ តែម្នាក់ឯង ត្រូវរថយន្ត CAMRY Hybrid បេីកទៅបុកពេញទំហឹង កាលពីវេលាម៉ោង០០:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបែកជាបួន តាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១០៥(លូទឹកស្អុយ ) ក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ(សព)មានឈ្មោះ សួន សុភក្រ អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅក្រសួងសាធារណៈការ ផ្នែកសន្តិសុខ ស្នាក់នៅកន្លែងធ្វើការ និងមានស្រុកកំណើត ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់2018 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GZ-3990 ។ រីឯរថយន្តបង្ក ម៉ាកកាមរីហាយព្រីត CAMRY Hybrid ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N-1988 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ឆ្លងផ្លួវលេខ៣៦០ ស្រាប់តែមានរថយន្តបង្ក បានបើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូបណ្ដាលឲ្យមនុស្សផ្លោង ទៅបោកជាមួយខឿនថ្មលូទឹកស្អុយ បែកក្បាលស្លាប់ភ្លាមៗ។

រថយន្តបង្កពេលភ្លាមៗ ក៏បានឈប់មើលជនរងគ្រោះផងដែរ តែដោយសារអត់មានអ្នកចាប់អារម្មណ៍និងឃាត់នោះ ទើបម្ចាស់រថយន្តខាងលើ បានបើករត់គេចចេញពីកន្លែងកេីតហេតុ ទៅចតចោលលេីចិញ្ចេីមផ្លូវក្រោមដេីមឈេី ជិតខារ៉ាអូខេ KTV XO(ចាស់) នៅផ្លូវ១៦៣ ហេីយបម្រុងចុះរត់ តែត្រូវប្រជាពលរដ្ឋឃេីញ ក៏នាំគ្នាជួយឃាត់ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមកចាប់យកទៅសាកសួរនៅប៉ុស្តិ៍។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងកានគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកឯសាកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី គួរឲ្យសង្វែក៕ (ដោយបងម៉េង )

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close