អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ទោះជាសមត្ថកិច្ចប្រេីរថយន្តពន្លត់អគ្គិភ័យ ៧គ្រឿង នៅតែទប់ស្កាត់មិនទាន់ នៅខណ្ឌច្បារអំពៅ

65

រាជធានីភ្នំពេញ ៖ រាត្រីស្ងាត់ជិតចូលឆ្នាំ! មានគ្រោះអគ្គិភ័យមួយ បានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ អស់ចំនួន២ខ្នងទាំងស្រុង ទោះជាសមត្ថកិច្ចប្រេីរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ ៧គ្រឿងក៏ដោយ កាលពីវេលា ម៉ោង១១:៣០នាទីយប់ ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅជាប់បុរីMK តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រុំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសម្ដីស្ត្រីជាម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា មុនកើតហេតុ ក្រុមគ្រួសារគាត់ បាននាំគ្នាចូលសម្រាកដូចរាល់ដង ខណៈកំពុងតែដេកលង់លក់ ស្រាប់តែទុស្សេខ្សែភ្លើង បង្កជាអគ្គីភ័យ ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ពេលនោះរូបគាត់ ព្រមទាំងប្ដី និងកូនស្រី នាំគ្នារត់ចេញពីក្នុងផ្ទះ យ៉ាងប្រញ៉ាប់ប្រញាល់ ទាំងមិនបានយករបស់របរក្នុងផ្ទះ សូម្បីតែបន្តិច។

ក្នុងករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ដោយខូចខាតផ្ទះឈើប្រក់សង្កសីចំនួន២ខ្នង ម៉ូតូ២គ្រឿង និងសម្ភារៈក្នុងផ្ទះទាំងស្រុង ដែលបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកអស់ចំនួន៧ឡាន ទើបអំណាចអគ្គីភ័យរលត់ទៅវិញ នៅវេលាម៉ោង១២យប់ នៅថ្ងៃខែឆ្នាំដដែល។

ជាមួយគ្នានោះ ស្ត្រីម្ចាស់ផ្ទះរងគ្រោះ ក៏សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារគាត់ផង ព្រោះគ្រួសារគាត់កំពុងមានជីវភាពខ្វះខាតផង បែរមកជួបរឿងអាក្រក់បែបនេះទៀត៕ (ម៉េង)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close