UI_LongBanner

រដ្ឋបាលខណ្ឌមានជ័យ កំពុងបញ្ចេញកម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ធ្វើការប្រមូលសំរាមក្នុងមូលដ្ឋាន ខណៈកម្មករក្រុមហ៊ុនស៊ិនទ្រី ត្រូវបានឲ្យឈប់សម្រាករយៈពេល៤ថ្ងៃ នៅថ្ងៃបុណ្យចូលឆ្នាំ!

80

រាជធានី​ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣​ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​ ឆ្នាំកុរ​ ឯកស័ក​ ពស២៥៦៣នេះ រដ្ឋបាលខណ្ឌមានជ័យ កំពុងបញ្ចេញកម្លាំងប្រជាការពារខណ្ឌមានជ័យ និងភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយសារកម្លាំងកម្មករស៊ិនទ្រី ត្រូវបានអនុញ្ញាឲ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ទៅលេងស្រុកកំណើតរបស់ខ្លួន ដេីម្បីជួបជុំក្រុមគ្រួសារ អស់មួយចំនួនធំ នៅចំនួនតិចតួចប៉ុណ្ណោះ​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានកោះហៅអភិបាលខណ្ឌទាំង១២ ប្រជុំដាក់បទបញ្ជាឲ្យខណ្ឌទាំង១២ បញ្ចេញកម្លាំង និងរថយន្ដ ដើម្បីប្រមូលសំរាម។

ជាក់ស្ដែងក្រោយទទួលបញ្ជានេះ អាជ្ញាធរតាមបណ្ដាខណ្ឌទាំង១២ បានបន្ដប្រតិបត្តិការយ៉ាងសស្រាក់សស្រាំក្នុងការដើរប្រមូលសំរាម នៅទូទាំងរាជធានីភ្នំពេញ ដោយសហការជាមួយភ្នាក់ងារអនាម័យតាមសង្កាត់ ដោយប្រើប្រាស់រថយន្ដរបស់ក្រុមហ៊ុនស៊ិនទ្រី ដើរប្រមូលសំរាមក្នុងភូមិសាស្ដ្ររបស់ខ្លួន។

សម្រាប់ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៦​ ខែមេសា ឆ្នាំ២០១៩នេះ ជាថ្ងៃទី៣ ដែលរដ្ឋបាលខណ្ឌមានជ័យ បញ្ចេញកម្លាំងប្រជាការពារខណ្ឌមានជ័យ និងភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយសារកម្លាំងកម្មករស៊ិនទ្រី ឈប់សំរាកទៅលេងស្រុកកំណើតរបស់ខ្លួនអស់មួយចំនួនធំ នៅចំនួនតិចតួចប៉ុណ្ណោះ។

CMA_LongBanner

ដើម្បីថែរក្សា សោភ័ណភាព អនាម័យបរិស្ថាន រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់ នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវា មិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួន ឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន។

ការដាក់បទបញ្ជានេះធ្វើឡើងក្រោយលោកអភិបាល ឃួង ស្រេង បញ្ចប់កម្មវិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក នៅរមណីយដ្ឋានវត្តភ្នំ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរជាមិនខាន៕​ (អត្ថបទរូបភាព​ បងម៉េង​)

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close