ខេត្តព្រះវិហារ សង្ក្រាន្តឆ្នាំថ្មីរយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ ចូលមកលេងកម្សាន្ត!

76
CMA_LongBanner

(ព្រះវិហារ)៖ នៅក្នុងព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកែរ» ក៏ដូចជានៅតាមតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រនានា ជាច្រើនផ្សេងទៀត ក្នុងខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង១៣ម៉ឺននាក់ នាំគ្នាចូលមកកម្សាន្ត ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍ដ៏ធំ និងមិនធ្លាប់មាន នៃ «ព្រះវិហារសង្ក្រាន្តកោះកែរ»នេះ បានរៀបចំធ្វើឡើង ដោយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ អាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ នៅក្នុងបរិវេណប្រាសាទកោះកែរ ស្ថិតនៅក្នុងភូមិសាស្រ្តកោះកែរ ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកជំទាវ រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកែរ» ដើម្បីដឹកនាំការកម្សាន្តសប្បាយ បង្កភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទី ដែលបានចូលមកកម្សាន្ត ក្នុងខេត្តព្រះវិហារ ក្រោមម្លប់សន្តិភាព នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកែរ» នេះឡើង គឺដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសប្បាយរីករាយទាំងអស់គ្នា ប្រកបដោយភាពស្និតស្នាល និងបង្ហាញឲ្យឃើញកាន់តែច្បាស់ នូវតម្លៃនៃសន្តិភាព និងការអភិវឌ្ឍ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍សង្រ្កាន្តកោះកែរ បានបើកទូលាយ ដល់អ្នកទេសចរមកពីទីជិត និងទីឆ្ងាយ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្ត ចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាជាច្រើនប្រភេទ និងទស្សនាការដាក់តាំងពិព័រណ៍ បង្ហាញពីសមិទ្ធផល នៅក្នុងក្រុង និងស្រុកនានា របស់ខេត្តព្រះវិហារផងដែរ។

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន១៣ម៉ឺន ៥ពាន់ ៩៥៣នាក់ បើប្រៀបធៀបរយះពេល៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០១៨ ឃើញថា មានការកើនឡើង១៥៧,៥៥ភាគរយ ក្នុងនោះ ភ្ញៀវជាតិមានចំនួន១៣ម៉ឺន៥ពាន់៦១៤នាក់ កើនឡើង១៥៨,៩៦ភាគរយ ភ្ញៀវអន្តរជាតិ មានចំនួន៣៣៩នាក់ ថយចុះ១៩,២៨ភាគរយ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close