តើអរិយធម៌​ដ៏​ចំណាស់​ទាំង ១០ នៅលើ​ពិភពលោក​មាន​អ្វីខ្លះ?

51
CMA_LongBanner
ពេល​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​មនុស្សជាតិ គេ​មិនអាច​បំភ្លេច​បានទេ ពី​ប្រវត្តិ​ទាក់ទង​នឹង​ការលេចឡើង និង​ការរីកចម្រើន​លូតលាស់ នៃ​អរិយធម៌​សំខាន់ៗ​ មួយចំនួន​នៅលើ​ភពផែនដី​។ ចំណែក​ពាក្យ​ថា​ «​អរិយធម៌​»​ ជា​ពាក្យ​ខ្មែរ​ខ្ចី​ពី​ភាសាបាលី​សំស្ក្រឹត​ដែល មានន័យថា​ធម៌​ខ្ពង់​ខ្ពង់ ឬ​ឧត្តុង្គឧត្តម​។  បើយោងតាម​គេហទំព័រ ANCIENT HISTORY LIST អរិយធម៌​ចំណាស់ៗ​នៅលើ​ពិភពលោក ត្រូវបាន​គេ​ធ្វើ​ចំណាត់ថ្នាក់​ពី​លេខ​រៀង​ទី​១០​រហូតដល់​លេខ​រៀង​ទី​១ ទៅតាម​លំដាប់​កើន​នៃ​ភាពចំណាស់ របស់​អរិយធម៌​ទាំងនោះ​។
​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​អរិយធម៌​ទាំង​១០ រួមជាមួយ​ការពណ៌នា​ដោយ​សង្ខេប​ទាក់ទង​នឹង​ចំណុច​សំខាន់ៗ​ផង​៖ 
១០.​អរិយធម៌​អាំង​កា​
​អរិយធម៌​អាំង​កា (Inca Civilization) បាន​ចាប់បដិសន្ធិ​ឡើង​នៅលើ​ដែនដី​នៃ​ទ្វីប អាមេរិក​ខាងត្បូង ដោយ​លាតសន្ធឹង​នៅលើ​ផ្ទៃដី​នៃ​ប្រទេស​ចំនួន​បួន​គឺ ប៉េ​រូ​(Peru) បូ​លី​វី​(Bolivia) អេ​ក្វា​ដឺ​(Ecuador) និង​ឈី​លី​(Chile) នៅតាម​បណ្តោយ​ឆ្នេរ​មហា សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។ ចក្រភព​នេះ​មាន​អាយុកាល​ជិត​មួយ​សតវត្ស (១៤៣៨ គ​.​ស – ១៥៣២ គ​.​ស​) និង​ជា​ចក្រភព​ដែល​ធំជាងគេ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​។ ទោះបី ជា​យ៉ាងណាក៏ដោយ ចក្រភព​នេះ​ត្រូវបាន​ច្បាម​យក​ដោយ​ជនជាតិ​អេ​ស្ប៉ា​ញ បន្ទាប់ពី​ការរកឃើញ​ទ្វីបអាមេរិក​និង​ការមកដល់​របស់​ពួក​អឺរ៉ុប​។​
៩. អរិយធម៌​អា​ស្តែក​
​អរិយធម៌​អា​ស្តែក (Aztecs Civilization) មាន​ទីតាំង​ស្ថិតនៅ​អា​មេ​រិច​កណ្តាល (​ប្រទេស​ម៉ិ​ក​ស៊ិ​ក​សព្វថ្ងៃ​)​។ អរិយធម៌​នេះ​មាន​អាយុកាល​ជិត​ពីរ​សតវត្ស (១៣៤៥ គ​.​ស​-១៥២១ គ​.​ស​) ហើយ​បាន​រីកចម្រើន​ដល់​ចំណុចកំពូល​របស់ខ្លួន​នៅ​ដើម សតវត្ស​ទី​១៦ មុននឹង​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ពួក​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​១៥២១ ពោល​គឺមាន​វាសនា​ដូចគ្នា​ទៅនឹង​ចក្រភព​អាំង​កា​ដែរ​។​
៨.​អរិយធម៌​រ៉ូម​បុរាណ​
​អរិយធម៌​រ៉ូម​បុរាណ (Ancient Roman Civilization) ជា​អរិយធម៌​មួយ​ដ៏​ល្បីល្បាញ នៅលើ​លោក និង​មាន​ឥទ្ធិពល​បំផុត​ទៅលើ​ប្រទេស​អឺរ៉ុប​សព្វថ្ងៃ ទាំង​ភាសា សាសនា វប្បធម៌ សិល្បៈ រចនាបថ​ស្ថាបត្យកម្ម​…​។ ចក្រភព​នេះ​មាន​អាយុកាល ជាង​មួយ​ពាន់​ឆ្នាំ (៥៥០​មុន​គ​.​ស –៤៦៥​គ​.​ស​) និង​មាន​ទីក្រុង​រ៉ូម​ជា​រាជធានី​។​
​ទិដ្ឋភាព​មួយ​នៃ​ឥទ្ធិពល​របស់​ពួក​រ៉ូ​ម៉ាំង​ដែល​ត្រូវ​លើក​យកមក​បង្ហាញ​ក្នុង​ទីនេះ​គឺ​ភាសាឡាតាំង​ដែលជា​ភាសា​របស់​ចក្រភព​រ៉ូម​។ ភាសា​នេះ​បានផ្តល់ កំណើត​ដោយផ្ទាល់​ទៅលើ​ភាសា​នៃ​ប្រទេស​អឺរ៉ុប​ភាគច្រើន​ដូចជា​ភាសា​អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ អ៊ីតាលី និង​បារាំង​ជាដើម ។
៧.​អរិយធម៌​ពែ​ក្យ​
​អរិយធម៌​ដ៍​សំខាន់​មួយទៀត​ដែល​កើតឡើង​ដំណាលគ្នា​នឹង​អរិយធម៌​រ៉ូម​បុរាណ​ដែរ​គឺ​អរិយធម៌​ពែ​ក្យ ដែលមាន​ទីតាំង​ស្ថិតនៅត្រង់​ប្រទេស​អ៊ីរ៉ង់​សព្វថ្ងៃ និង​លាត សន្ធឹង​យ៉ាង​ទូលំទូលាយ​ទៅលើ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ទ្វីបអាស៊ី អឺរ៉ុប និង​ផ្នែក​ខ្លះ​នៃ​ទ្វីប​អា​ហ្វ្រិ​ច​។  អរិយធម៌​នេះ​មាន​អាយុកាល​ជាង​២០០​ឆ្នាំ (៥៥០​មុន​គ​.​ស – ៣៣១ មុន​គ​.​ស​) ហើយ​ត្រូវបាន​បញ្ចប់​ទៅវិញ​នៅ ពេលដែល​ព្រះ​ចៅ​អា​ឡិច​សង់​មហារាជ (Alexender the Great ) របស់​ក្រិ​ក បាន​វាយយក​ចក្រភព​ពែ​កនៅ​ឆ្នាំ ៣៣០​មុន​គ​.​ស​។​
៦.​អរិយធម៌​ក្រិច​បុរាណ​
​អរិយធម៌​ក្រិ​ក​បុរាណ (Ancient Greek Civilization) ជា​អរិយធម៌​មូ​យ​ក្នុង ចំណោម​អរិយធម៌​ដ៏​ល្បីល្បាញ​និង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​។ ប្រទេស​ក្រិ​ក​បុរាណ កើតចេញពី​បណ្តុំ​នៃ​រដ្ឋ​បុរី (City-State) ជាច្រើន ដូចជា​បុរី អាថែន បុរី​ស្ប៉ា​ក បុរី​តែ​ប និង​អា​កកូ​ស​ជាដើម ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២៧០០ មុន​គ​.​ស – ៤៧៩​មុន​គ​.​ស​។ អ្នកប្រាជ្ញ​ល្បីៗ​នៅ​ក្រិ​កនា​សម័យ​នោះ មានដូចជា​លោក ពី​តាករ អាក​ស៊ី​ម៉ែត សូ​ក្រា​ត អឺ​គ្លី​ត ប្លា​តុង អា​រី​ស្តូ​ត តា​លែស​… ដែល​បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ និង​ទស្សនវិជ្ជា​ពិភពលោក​។​
៥. អរិយធម៌​ចិន​បុរាណ​
​អរិយធម៌​នេះ​បានកកើតឡើង​នៅតាម​អាង​ទន្លេ​លឿង (Yellow River) និង​ទន្លេ យ៉ាង​សេ (Yangtze River) នៃ​ប្រទេស​ចិន​សព្វថ្ងៃ និង​មាន​អាយុកាល​ជាង​៥០០​ឆ្នាំ (១៦០០​មុន គ​.​ស​-១០៤៦​មុន​គ​.​ស​) ។ ចាប់ផ្តើម​ពី​រាជវង្ស​សាង (Shang Dynasty) ប្រទេស​ចិន​បាន​ផ្លាស់ប្តូរ​រាជវង្ស​ដឹកនាំ​ជាច្រើន​ដង តាមរយៈ​សង្គ្រាម​បង្ហូរឈាម​។ ទោះជា​យ៉ាងណាក៏ដោយ អរិយធម៌​ចិន​បុរាណ បានផ្តល់​វិភាគទាន​យ៉ាង​ធំ​ដល់​ការ​ការរីកចម្រើន​នៃ​អរិយធម៌​ចិន​សម័យ​ក្រោយៗ​ទៀត ដូចជា​ការរីកចម្រើន​ផ្នែក​ទស្សនវិជ្ជា ខុង​ជឺ​និយម  និង​ការបង្កើត​ថ្មី​ផ្សេងៗ ដូចជា​ការផលិត​ម្ស៉ៅ​រំសេវ ក្រដាស ម៉ាស៊ីនបោះពុម្ព ត្រីវិស័យ ស្រា និង​កាំភ្លើង​ធំ ជាដើម​។​
៤.​អរិយធម៌​ម៉ា​យ៉ា​
​អរិយធម៌​នេះ​មាន​ទីតាំង​ស្ថិតនៅត្រង់​អា​មេ​រិច​កណ្ដាល និង​មាន​អាយុកាល ប្រមាណ​៣៥០០​ឆ្នាំ​(២៦០០​មុន​គ​.​ស​-៩០០​គ​.​ស​)​។ ពួក​ម៉ា​យ៉ា​ជា​អ្នកខ្លាំង​ខាង​តារាសាស្ត្រ (Astronomy)​។ ពួកនេះ​បាន​បង្កើត​ប្រតិទិន និង​សាងសង់ ប្រាសាទ​ពីរ៉ាមីត ដែល​ភាគច្រើន​មាន​ទំហំ​ធំ​ជាង​ប្រាសាទ​នៅ​អេ​ហ្ស៊ី​ប​ទៅទៀត​។​
៣.​អរិយធម៌​អេ​ហ្ស៊ី​ប​បុរាណ​
​អរិយធម៌​អេ​ស៊ី​ប​បុរាណ​ត្រូវបាន​គេ​ចាត់ទុកជា​អរិយធម៌​ដ៏​រុងរឿង និង​ចំណាស់ ជាងគេ​មួយ​នៅលើ​លោក (៣១៥០ មុន​គ​.​ស​–៣០ មុន​គ​.​ស​) ដែល​លេច​ឡើងជា​រដ្ឋ​ដំបូង នៅតាម​ដង​ទន្លេ​នី​ល (Nile River)​ភាគ​ខាងជើង ត្រូវ​នឹង​ប្រទេស​អេ​ហ្ស៊ី​ប​បច្ចុប្បន្ន​។ អរិយធម៌​នេះ​មាន​បន្សល់ទុក​នូវ​កេរដំណែល​ប្រាសាទ​ពីរ៉ាមីត​ជាច្រើន ដែល​ក្នុងនោះ «​ពីរ៉ាមីត​ហ្គី​សា​» ជា​សំណង់​ស្ថាបត្យកម្ម​ដែល​ល្បី​ជាងគេ ហើយក៏​ជា​និមិត្តរូប​នៃ​អរិយធម៌​អេ​ហ្ស៊ី​ប​បុរាណ​ផងដែរ​។​
 
២.​អរិយធម៌​ជ្រលង​ទន្លេ​ឥណ្ឌុស​
​អរិយធម៌​ជ្រលង​ទន្លេ​ឥណ្ឌុស (Indus Valley Civilization) គឺជា​អរិយធម៌​ដ៏​ចំណាស់​ជាងគេ​បំផុត​ទី​២​ដែល​បានកកើតឡើង​នៅ​ជុំវិញ​អាង​ទន្លេ​ឥណ្ឌុស   ដែល​ហូរ​កាត់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ា​គី​ស្ថាន​សព្វថ្ងៃ​។ អរិយធម៌​នេះ​មាន​អាយុកាល​ជាង​មួយ​សហស្សវត្ស (៣៣០០ មុន​គ​.​ស -១៩០០ មុន​គ​.​ស​) ដែល​ក្រោយមក​បាន​បាត់បង់​និង​រលត់ទៅវិញ ដោយសារ​ការ​ឈ្លា​ន ពាន​ពី​សំណាក់​ពួក​អា​រ្យ័ន​(Aryan) មកពី​ម្តុំ​អ៊ីរ៉ង់​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រមាណ​ជា​៩០០​ឆ្នាំក្រោយ​មកទៀត គឺ​ចាប់ពី ឆ្នាំ​១០០០​មុន​គ​.​ស មាន​ទីក្រុង​មួយ​បាន​លេចឡើង​គឺ​ក្រុង​តក្ក​សិលា​(Takkasila)​ជា​មជ្ឈមណ្ឌល​សិក្សា​រៀនសូត្រ​យ៉ាងសំខាន់​ផ្នែក​គម្ពីរ​វេទ​និង​ព្រះពុទ្ធសាសនា​។ បន្ថែម​ពីនេះ​ទៀត ក្រុង​តក្ក​សិលា​នេះ មាននិយាយ​នៅក្នុង​ព្រះ​ត្រៃបិដក​ព្រះពុទ្ធសាសនា​ដូចជា​រឿង អង្គុលី​មាល៍ និង​ន​ង្គ​លី​ស​ជាតក​ជាដើម​។ ចំណែក​នៅក្នុង​រឿងព្រេង​និទាន​ខ្មែរ​វិញ វា​ក៏មាន​ការលើក​យកឈ្មោះ​ក្រុង​តក្ក​សិលា​មក​និយាយ​ដែរ ដូចជា​រឿង ដើមកំណើត​ទំនៀម​ផ្កាស្លា​បី និង​រឿង​ព្រះរាជ​កុមារ​៤​អង្គ​ត្រូវ​ជ្រើស​យក មួយអង្គ​សោយរាជ្យ​ជាដើម​។​
១. អរិយធម៌​មេ​សូ​ប៉ូ​តា​មី​
អរិយធម៌​មេ​សូ​ប៉ូ​តា​មី​ជា​អរិយធម៌​ដំបូង​បំផុត​នៅលើ​លោក (៣៥០០ មុន​គ​.​ស -៥០០ មុន​គ​.​ស​) ដែលមាន​ទីតាំង​ស្ថិតនៅត្រង់​ប្រទេស​អ៊ីរ៉ាក់​សព្វថ្ងៃ និង​បន្ត​លាតសន្ធឹង​លើ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ី​រី​និង​តួ​ក​គី​។ “​មេ​សូ​ប៉ូ​តា​មី​”​ជា​ភាសា​ក្រិ​ក​បុរាណ​ដែល​ន័យ​ថា​ដែនដី​ស្ថិតនៅ​ចន្លោះ​ទន្លេ​ពីរ​។ ការឱ្យ​ឈ្មោះ​បែបនេះ ក៏​ដោយសារតែ​អរិយធម៌​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ទន្លេ​ពីរ​គឺ​ទន្លេ​ទី​គ្រី​ស (Tigris) និង ទន្លេ​យ៉ូ​ប្រា​ត​(Euphrate)​ដែល​បង្កលក្ខណៈ​អំណោយផល​ដល់​ការរស់នៅ​របស់​មនុស្ស​នា​សម័យបុរាណ ជាពិសេស​ខាង​ផ្នែក​កសិកម្ម​ក្នុងការ​ផ្តល់​ជា​អាហារ​ត្រី សាច់​ដើម្បី​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​រីកចម្រើន​នៃ​ខួរក្បាល​មនុស្ស​។​ការណ៍​នេះ​ធ្វើឱ្យ​មនុស្សជាតិ​មានការ​អភិវឌ្ឍ ដោយ​ឈប់​រស់នៅ​តាមបែប​បុរេប្រវត្តិ ក្នុង​រូង​ឬ​គុហា​ភ្នំ ចិញ្ចឹមជីវិត​ដោយ​ការ​បរបាញ់​សត្វ និង​បេះ​រុក្ខផល​(​ផ្លែឈើ​)​ទៀតហើយ​។ ផ្ទុយទៅវិញ ពួកគេ​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​រស់នៅ​ជា​សហគមន៍ ពឹង​ផ្អែកលើ​ការដាំដុះ និង​ចិញ្ចឹមសត្វ ដែល​ការ​លក្ខណៈ​ល្អប្រសើរ​ជាង​ពីមុន​៕
GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close