UI_LongBanner

បន្ទាប់ពីមានខ្យល់ព្យុះបក់បោករយៈពេលជិត៣ម៉ោង ប៉ះចំតំបន់ទន្លេសាប បានធ្វើឱ្យ ត្រីនៅក្នុងបឹងទន្លេឆ្មា ភូមិសាស្ត្រខេត្តកំពង់ធំ បានងាប់ជាង២៥តោន

257

កំពង់ធំ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានអះអាងថា ត្រីចម្រុះបានងាប់ប្រមាណ២៥តោន នៅបឹងទន្លេឆ្មា ក្នុងតំបន់ ទន្លេសាបនាកន្លងមកថ្មីៗនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក សម្តែងនូវការសោកស្តាយ ដោយសារត្រីនៅតំបន់នេះ គឺជាតំបន់អភិរក្សត្រីមេពូជ តែត្រូវបានងាប់ក្នុងអំឡុង ដែលមានខ្យល់ព្យុះ វាយបក់បោកខណៈពេលដែលទឹកមានកម្ពស់ទាប រាក់រួមផ្សំជាមួយនឹង ការបំម្រែបម្រួលអាកាសធាតុ ពីក្តៅមកត្រជាក់បណ្តាលឲ្យត្រីងាប់ជាច្រើន ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានលើកឡើងថា ករណីត្រីងាប់នៅបឹង អភិរក្សជលផលទន្លេឆ្មារ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៩ ក្នុងថ្ងៃនោះមាន ខ្យល់ព្យុះរយះពេល ២ម៉ោង ៥០នាទី ដែលខ្យល់បានចាប់ផ្តើមពីម៉ោង ១៧.៥០នាទី ដល់២០.៤០នាទីទើបខ្យល់បានស្ងាប់ទៅវិញ ក្នុងនោះ បណ្តាលឲ្យត្រីនៅក្នុងបឹងអភិរក្សជលផលទន្លេឆ្មារ បានងាប់ចំនួន ២៥.៥តោន ក្នុងនោះមាន ប្រភេទត្រីរៀលចំនួន ១២តោន ,ត្រីក្រពាត់ និងត្រីសណ្តាយចំនួន ២តោន ,ត្រីឆ្លាំងចំនួន២តោន , ត្រីច្រកែងចំនួន៣តោន ,ត្រីឆ្ពិនចំនួន ៣តោន ,ត្រីតាអោន១តោន ,ត្រីកេសចំនួន០.៥តោន, ត្រីខ្មាន់ចំនួន២តោន។

ជាមួយគ្នានេះលោក នាយខណ្ទជលផល ក៏បានបញ្ជាក់ផងដែរថា បញ្ហាត្រីងាប់នេះ គឺបានកើតឡើងជារៀងរាល់ឆ្នាំ តែកាលពីឆ្នាំ២០១៧និងឆ្នាំ២០១៨ បរិមាណទឹកនៅបឹងអភិរក្សជលផលទន្លេឆ្មារ មានបរិមាណជ្រៅទើបមិនបណ្តាលឲ្យត្រីងាប់ ចំណែកឯឆ្នាំនេះ អាកាសធាតុក្តៅលើសពីឆ្នាំមុនៗ បណ្តាលឲ្យបរិមាណទឹកក្នុងបឹងរាក់ បណ្តាលឲ្យក្តៅ ខ្លាំង នៅពេលមានខ្យល់ព្យុះ វាយបក់ទៅមក ប្រៀបដូចនិងកញ្រោកត្រីក្នុងកញ្រែង ជាច្រើនម៉ោងបណ្តាលឲ្យ ត្រីងាប់។

លោក ប៉ែន វណ្ណរិទ្ធ បានបន្តថា ចំណែកត្រីដែលនៅសេសសល់ គឺត្រូវបានយកចិត្តទុកដាក់ ចាត់វិធានការ ជួយសង្រ្គោះត្រីនៅក្នុងបឹង តាមលក្ខណៈបច្ចេកទេសៗដែលអាចធ្វើទៅបាន ហើយនឹងប្រឹងប្រែងឲ្យអស់ពី លទ្ធភាពដើម្បីរក្សាត្រីមេពូជ តែបើសិនជា មានភ្លៀងជាបន្តបន្ទាប់ ត្រីក្នុងបឹងអភិរក្សនិងចៀសផុតពី ការងាប់បន្តទៀតហើយ ៕(ឈិតសំបូរ កំពង់ធំ)

អត្ថបទដែលជាប់ទាក់ទង
Open

Close