សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការអំពីការគ្រប់គ្រងសំណល់រឹង និងទឹកកខ្វក់នៅរមណីយដ្ឋានអង្គរ

56
CMA_LongBanner

ខេត្តសៀមរាប ៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្រ្តីផ្នែកទាក់ទាញវិនិយោគ កាលពីព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញបានជួបសំណេះសំណាលការងារជាមួយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំនេះ សភាពាណិជ្ចកម្មអឺរ៉ុបបានលើកឡើងនូវការងារសំខាន់ៗជាច្រើន ហើយការងារដែលជាអាទិភាពគឺ ការលើកកម្ពស់ពាណិជ្ជកម្ម ការសិក្សាអំពីសេដ្ឋកិច្ច និងផ្តោតសំខាន់លើការគ្រប់គ្រងសំណល់រឹង និងការគ្រប់គ្រងទឹកកខ្វក់។

ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏បានបង្ហាញនូវកិច្ចការរបស់ខ្លួនពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង (សំរាម) ទឹកកខ្វក់នៅក្នុងតំបន់អង្គរផងដែរ។ កត្តាពីរដែលបណ្តាលឱ្យមានសំរាម គឺកត្តាភ្ញៀវទេសចរ និងប្រជាជនក្នុងមូលដ្ឋាន ក៏ព្រោះប្រជាជននៅពុំទាន់យល់ដឹងទូលំទូលាយចំពោះការរក្សាសំរាម ការរក្សាអនាម័យឱ្យបានត្រឹមត្រូវជាដើម។

ចំពោះបញ្ហានេះ អាជ្ញាធរជាតិអប្សរាក៏មានសកម្មភាពមួយចំនួនដូចជា ការអប់រំឱ្យស្គាល់តម្លៃបេតិកភណ្ឌ ការគ្រប់គ្រងអនាម័យជុំវិញលំនៅដ្ឋាន និងផលប៉ះពាល់នៃការដុតសំរាម ការចោលថង់ប្លាស្ទិចពាសវាលពាសកាល។ លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏មានសកម្មភាពប្រមូលសំរាម ប្រមូលស្លឹកឈើងាប់ សំណល់ផ្ទះបាយ ដើម្បីផលិតជីកំប៉ុសផងដែរ ក្រៅពីការងារដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ឱ្យក្រុមហ៊ុនវីហ្គ្រីនសម្អាតជាប្រចាំ។

ក្រោយពីពិភាក្សាស្វែងយល់ពីគ្នាទៅវិញទៅមក សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏បានបង្ហាញបំណងចង់ស្វែងយល់លទ្ធភាពដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាលក្ខណៈស្ថាប័ននិងស្ថាប័ន ឬវិស័យឯកជនណាមួយ ដើម្បីធ្វើការងាររួមគ្នាលើវិស័យគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់នៅរមណីយដ្ឋានអង្គរ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close