UI_LongBanner

អស្ចារ្យ! Liverpool វាយបកយកឈ្នះ Barcelona​ យ៉ាងអស្ចារ្យ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League

109

អង់គ្លេស៖ ​ក្រុម​ហង្ស​ក្រហម Liverpool ដែល​គ្រប់គ្នា​គិត​ថា ​នឹង​ធ្លាក់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ទៅ​ហើយ​នោះ​បន្ទាប់ពី​ចាញ់​នៅ​ទឹកដី Nou Camp 3-0 បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់ផ្អើល ក្រោយ​ត្រលប់​មក​យកឈ្នះ​នៅ​ទឹកដី Anfield ​វិញ 4-0​។

គ្មាន Firmino​ និង Salah គ្មាន​បញ្ហា ខណៈ Divock Origi​ ជា​អ្នក​ជំនួស​តំណែង​ប្រយុទ្ធ​ខាង​លើ បើក​ការ​នាំ​មុខ​ឲ្យLiverpool តាំងពី​នាទី​ទី7​។ វគ្គ​ទី​1 បញ្ចប់​ដោយ Liverpool នាំមុខ 1-0 ខណៈ Barcelona មាន​ឱកាស​ស៊ុត​ជារឿយៗ​តែ​មិនបាន​សំរេច​។ ​ឈាន​ចូល​វគ្គ​ទី​2 កីឡាករ​ហូ​ឡង់ Giorginio Wijnaldum ​ត្រូវ​បាន​ផ្លាស់​ចូល ហើយក៏​ជា​មនុស្ស​ពិសេស​ដែរ​ដែល​កែប្រែ​ការប្រកួត​។ កីឡាករ​វ័យ 28ឆ្នាំ​រូប​នេះ​រក​បាន​ 2​គ្រាប់​ម្នាក់ឯង​ក្នុង​ចន្លោះ​ពេល 122វិនាទី ពោល​គឺ​នៅ​នាទី​ទី54 និង 56 ធ្វើឲ្យ Liverpool នាំមុខ 3-0 សរុប​ទាំងពីរ​ជើង​ស្មើគ្នា​។

ភាព​សប្បាយ​រីករាយ​មិនទាន់​អស់​ទេ Divock Origi​ ដដែល​ក៏​រក​បាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី​79​។ ចប់​ការ​ប្រកួតLiverpool យកឈ្នះ Barcelona 4-0 សរុប​ទាំងពីរ​ជើង 4-3 ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ពីរ​រដូវ​កាល​ជាប់​គ្នា​។ ​រំលឹក​ថា Liverpool ក៏​ធ្លាប់​ធ្វើ​រឿង​មិន​គួរឲ្យ​ជឿ​ស្រដៀង​គ្នា​នេះ​ម្តង​ដែរ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ2005 បន្ទាប់ពីAC Milan នាំមុខ 3-0 តាម​ស្មើ​វិញ​នៅ​វគ្គ​ទី​2 ​រហូត​យកឈ្នះ​នៅ​វគ្គ 11ម៉ែត្រ​កាត់សេចក្ដី​។

​ជា​លើកដំបូង​នៅ​ក្រប​ខណ្ឌ​ក្លិប​កំពូល​របស់​អឺរ៉ុប​រាប់​ពី​ឆ្នាំ1986 European Cup ដែល​ក្រុម​ចាញ់ 3-0 ជើង​ទី​1 ​ហើយអាច​ត្រលប់​មក​យកឈ្នះ​ជើង​ទី​2 ​វិញ​បែបនេះ ពោល​គឺ​កាលនោះ​សំរេច​ដោយ Barcelona លើ​ក្លិប​បាល់​ទាត់​ស៊ុយអែត Gothenburg​។ ​Liverpool នឹង​ស្វែង​រក​ពាន​ជើងឯក​ទ្វីប​អឺរ៉ុប​នេះ​លើក​ទី​6 ក្នុង​ប្រវត្តិ​ដោយ​ត្រូវ​ជួប​ជាមួយAjax រឺ Tottenham Hotspur វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Wanda Metropolitano​ ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ទី​1 ខែ​មិថុនា​៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close