UI_LongBanner

អ្នកជំនាញជួសជុលប្រាសាទថា មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុលនិងសង្គ្រោះ ប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ

1,323

សៀមរាប៖ លោក លឹម គង់ មានអាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។

សព្វថ្ងៃ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា។
បើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិត មែន ក៏មេ ក្រុម ជួស ជុល ប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍ គ្រប់គ្រាន់ ច្បាស់ លាស់ ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ។

ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក គង់ បានបង្ហាញនូវឆន្ទៈនិងក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យ តែនៅ មាន កម្លាំង ព្រោះខ្ញុំចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក។ ខ្ញុំសោក ស្តាយ ណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់ខ្ញុំ»។

CMA_LongBanner

លោកមេក្រុម គង់ បានបញ្ជាក់ដែរថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។ ក្រោយចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និងជាមួយ អ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទនៅអូរជីក និងនៅបន្ទាយឆ្មារ។ ការអនុវត្តជាប្រចាំនេះហើយ ដែល ធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឱ្យជាប់មាំទាំ ជិត ល្អ ដូច បុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន។

លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុល ឱ្យរួច ផុតពីហានិភ័យ ហើយ សូមឱ្យកូនខ្មែរទាំងអស់ ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជា បេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕ដោយ៖ ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close