ធ្លាប់តែល្បីតៗគ្នា! តោះមកមើលទិដ្ឋភាពទាំងស្រុងនៃវិហារសាសនាគ្រឹស្តលើភ្នំបូកគោទៅមើល៍ ថាដូចគេនិយាយដែរឬក៏អត់?

159
CMA_LongBanner

កំពត៖ មួយរយៈមុននេះ វិហារសាសនាគ្រឹស្តដ៏ល្បីមួយកន្លែងលើភ្នំបូកគោ ធ្វើឱ្យអ្នកនៅក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានក្រុមការងារថតរូប Pre-Wedding មួយបានជួបប្រទះនឹងរឿងរ៉ាវប្លែកៗមួយចំនួន។

ទោះជាយ៉ាងនេះក្តី ទីកន្លែងប្រវត្តិសាស្រ្តមួយនេះ នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាយ៉ាងកុះករមិនចេះដាច់នោះឡើយ។ នោះក៏ដោយសារតែព្រះវិហារបុរាណសម័យអាណានិគមមួយនេះ មានទិដ្ឋភាពស្រស់ស្អាត ទាំងការរចនារូបរាងប្រៀបបីដូចជា ទិដ្ឋភាពអគារល្បីៗរបស់ទីក្រុងរ៉ូមពិតៗ។

ចំណែកនៅខាងក្នុងវិញ យើងឃើញថាសភាពអគាររាងចំណាស់បន្តិច មានកូនបន្ទប់តូចមួយដែលមិនដឹងថាកាលពីមុន ជាកន្លែងសម្រាកឬយ៉ាងណានោះទេ។ ហើយអគារមួយនេះក៏មានការដាក់តាំងជារូបភាពព្រះយេស៊ូ ឈើឆ្កាង និងរូបសំណាក់តូចៗដែលជារូបសំណាក់ថ្មីៗ (មិនមែនរបស់បន្សល់ពីសម័យអណានិគមបារាំង) មួយចំនួននៅកណ្តាលសាលអគារផងដែរ បើតាមការស្មានប្រហែលជាបុព្វជិត ឬអ្នកកាន់សាសនាគ្រឹស្តណាម្នាក់ យករូបទាំងនោះមកតំកល់សម្រាប់គោរពបូជាក៏ថាបាន។

តែដែលចម្លែក បែរជាមានផើងអុជធូបនៅពីមុខរូបសំណាក់ព្រះយេស៊ូ ដោយមានធូបដែលអុចរួចមួយចំនួនថែមទៀត តែមិនដឹងថាតើអ្នកណាជាអ្នកដាក់របស់ទាំងនោះឡើយ ព្រោះបើតាមការយល់ដឹងមួយចំនួន សាសនាគ្រឹស្តគឺមិនដែលប៉ះពាល់ធូបទៀននោះឡើយ។ ក្រៅពីនេះនៅចំហៀងអគារក៏ឃើញមានរៀបជាកូនបន្ទប់មួយដែលទំនងជាចង្ក្រានបាយផងដែរ។

ដោយយល់ពីអបិយជំនឿ ក្រោយពីការដើរកម្សាន្តទស្សនា ថតរូបលេងហើយ អ្នកទេសចរក៏តែងតែបួងសួង សម្តែងការគោរព និងស្ញប់ស្ញែងនូវការសាងសង់អគារមួយនេះ រួមសុំខមាទោសដល់វត្ថុស័ក្តិសិទ្ធអរូបីដែលមើលមិនឃើញផងដែរ ដើម្បីសុំសេចក្តីសុខសប្បាយពេលត្រលប់មកវិញ។

លើសពីនោះ ក្រោយពីទស្សនាតួអគាររួច នៅក្បែរទីព្រះវិហារនេះ ថែមទាំងមានជណ្តើរថ្ម សម្រាប់ឡើងទៅទស្សនាទិដ្ឋភាពទីក្រុងកំពតទាំងមូលផងដែរ។ ទោះបីជាស្ថានភាពផ្លូវឡើងមានសភាពរដិបរដុប ដុំថ្មតូចធំដោយអន្លើយ៉ាងណាក្តី តែពេលលោកអ្នកឡើងទៅដល់មិនខកបំណងទេ លោកអ្នកពិតជាជួបប្រទះទេសភាពដ៏អស្ចារ្យ ដោយមើលឃើញទេសភាពដើមឈើតូចធំខៀវស្រងាត់ ទឹកសមុទ្រ រួមទាំងកោះខ្មែរតូចធំជាច្រើន ជាពិសេសគឺកោះត្រល់តែម្តង អមនឹងខ្យល់បកបោកត្រជាក់ស្រេបដូចទឹកកកផងដែរ វាពិតជាទិដ្ឋភាពដ៏អស្ចារ្យ ធ្វើឱ្យអ្នកដែលមកកម្សាន្តស្រស់ស្រាយសប្បាយចិត្តមែនទែន ប្រៀបបីដូចជាស្ថិតនៅលើឋានសួគ៌លើដីយ៉ាងអ៊ីចឹង៕

រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍ 

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close