ក្រុងព្យុយ៉ាង បាញ់សាកល្បងមីស៊ីល ២ គ្រាប់ ឯអាមេរិក ចាប់កប៉ាល់ទំនិញ កូរ៉េខាងជើង

221
CMA_LongBanner

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល រយៈចម្ងាយខ្លី ២គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ជាការសាកល្បងលើកទី២ របស់ខ្លួន ក្នុងរយៈពេលជិតមួយសប្តាហ៍ ហើយអាមេរិកបាននិយាយថា ខ្លួនបានរឹបអូសនាវាផ្ទុកទំនិញរបស់កូរ៉េខាងជើង ខណៈភាពតានតឹងបានកើនឡើងជាថ្មីម្តងទៀត ។ ការបាញ់សាកល្បងនេះ បានធ្វើឡើងតែប៉ុ​ន្មានម៉ោង ក្រោយពេល​ប្រេសិតអាមេរិក ទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើង បានមកដល់ទីក្រុងសេអ៊ូល ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គ្មាននរណាម្នាក់សប្បាយចិត្ត ចំពោះការបាញ់បង្ហោះនោះទេ ប៉ុន្តែទ្វារនៅតែបើកចំហសម្រាប់កិច្ចចរចាថែមទៀតជាមួយកូរ៉េខាងជើង ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសពីការរឹបអូសនាវាដឹកទំនិញរបស់កូរ៉េខាងជើង ដែលខ្លួនបាននិយាយថា មានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនធ្យូងថ្មខុសច្បាប់ ។

ប្រទេសកូរ៉េខាងជើង បានដកថយពីទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ រវាងមេដឹកនាំលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានបរាជ័យ ដោយគ្មានការព្រមព្រៀង លើការទាមទាររបស់សហរដ្ឋអាមេរិក ចំពោះការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង និងការទាមទាររបស់លោក គីម សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Patrick Shanahan បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តផ្តោតការយកចិត្តទុកដាក់ លើកិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅខាងក្រៅមន្ទីរបញ្ចកោណថា៖ «យើងនឹងបន្តការទូតរបស់យើង ហើយអ្នកទាំងអស់គ្នាដឹងថា យើងមិនបានផ្លាស់ប្តូរប្រតិបត្តិការរបស់យើង ឬឥរិយាបថរបស់យើង ហើយយើងនឹងបន្តការត្រៀមខ្លួន ដែលយើងត្រូវការក្នុងករណីការទូតបរាជ័យ» ។ កូរ៉េខាងជើង បានផ្អាកការសាកល្បងមីស៊ីលចាប់តាំងពីឆ្នាំ២០១៧ ជាសញ្ញានៃការរីកចម្រើននៅក្នុងកិច្ចចរចារវាងអាមេរិក ជាមួយកូរ៉េខាងជើង បន្ទាប់ពីមានការផ្លាស់ប្តូរវោហារសាស្ត្រដ៏ក្ដៅគគុក អស់រយៈពេល២ឆ្នាំមកហើយ ដែលបានបង្កើនការភ័យខ្លាចនៃសង្គ្រាម ៕

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close