ប្រភេទនៃទោសព្រហ្មទណ្ឌ

69
CMA_LongBanner

ភ្នំពេញ៖ យោងតាមស្មារតីនៃក្រមព្រហ្មទណ្ឌ ទោសត្រូវបាន​គេសំដៅដល់​ទណ្ឌកម្ម​មួយដែល ត្រូវបាន​ប្រកាស​ដោយ​តុលាការ​សម្រាប់​អនុវត្ត​ចំពោះ​បុគ្គលណា ដែលបាន​ប្រព្រឹត្តបទល្មើស​ដូចមាន​ចែងនៅ​ក្នុងច្បាប់ ហើយទោស​ត្រូវបាន​ប្រកាស​ដោយឈរ​លើមូលដ្ឋាន​ព្យសនកម្ម នៃបទល្មើស​ដែលបង្ក​ឱ្យមាន​ការខូចខាត​ដល់ជន​រងគ្រោះ ។ តើក្រម​ព្រហ្ម​ទណ្ឌនៃ ព្រះរា​ជា​​ណា​​ចក្រ​កម្ពុជា បានបែង​​ចែក​ទោស​​ជាប៉ុន្មាន​ប្រភេទ?

ដូចនេះ​សម្រាប់​​សប្តាហ៍នេះ កម្មវិធីយល់​ដឹងផ្នែក​ច្បាប់​របស់យើងខ្ញុំ សូម​លើកយក​ប្រធាន​បទស្ដីពី «ប្រភេទ​នៃទោស​ព្រហ្មទណ្ឌ!» មកធ្វើការបង្ហាញ​ជូនសាធារណៈជ​នឱ្យ​បានជ្រាប​ដូច​តទៅ៖

ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ទោសត្រូវបានបែងចែកជា ០៣ (បី) ប្រភេទគឺ៖

* មូលទោស

* ទោសបន្ថែម

* ទោសជំនួស ។

១៖ អំពីមូលទោស អនុលោម​តាមមាត្រា៤៣ នៃក្រម​ព្រហ្មទណ្ឌ មូល​ទោស រួមមានទោស​ដាក់ពន្ធនាគារ និងទោស​ពិន័យ​ជាប្រាក់ ហើយការ​ពិន័យត្រូវ​គិតជា​ប្រាក់រៀល ។ សូម​បញ្ជាក់​ផងដែល​ថា ប្រាក់ពិន័យ​ដែលទទួល​បាន ត្រូវបង់​​ចូល​ជាថវិកា​រដ្ឋ ពោល​ប្រាក់​ពិ​ន័យ​នេះមិនមែន​ជា ប្រាក់​សំណង​​រដ្ឋប្បវេណី​ដែល ភាគីបង្កបង់​​សង​ជម្ងឺចិត្ត​ ទៅជនរង​គ្រោះ​ទេ ។

ឧទាហរណ៍៖ អំពើហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើអ្នកដទៃ ត្រូវផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១(មួយ) ឆ្នាំ ទៅ ៣(បី) ឆ្នាំ និង​ពិន័យជា​ប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ការពិន័យបែបនេះហៅថាមូលទោស ។

២៖ ទោសបន្ថែម គឺជាទោសបន្ទា​ប់បន្សំ​ដែ​ល ចៅក្រម​សម្រេច​បន្ថែម​ក្នុងមូល​ទោស ហើយទា​ល់តែតុលាការ​សម្រេច​ថា បុគ្គល​រូបណា​មានមូលទោស​ហើយ ទើប​តុលាការ​អាច​សម្រេ​ច​ដាក់​ទោស​បន្ថែម ​ពីលើមូល​ទោស​នោះបាន លើសពី​នេះ​ទៅទៀត ទោស​បន្ថែម បង្កើត​ឡើងក្នុងគោលបំណង ដើម្បីឱ្យការដាក់ទណ្ឌកម្មមាន ភាពសមស្របទៅនឹងអំពើល្មើសច្បាប់ ដែលបុគ្គលរូបនោះបានប្រព្រឹត្ត ឬធានាដល់ការអនុវត្តគោលការណ៍ ឯកត្តកម្មនៃទោស ។

ឧទាហរណ៍៖ លោក «ក» ជាគ្រូពេទ្យ ហើយលោក បានប្រព្រឹត្តខុសទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ដែល​បណ្ដាល​ឱ្យអ្នក​ជំងឺ​រងគ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ ។ ដូចនេះ​យោង​តាមមាត្រា​៥៣ តុលាការ​អាច​ប្រកាស​ទោស​បន្ថែម​ ដោយ​ហាមឃាត់​ចំពោះ​ការប្រកប​វិជ្ជាជីវៈ ដែលបាន​ប្រព្រឹត្ត​ក្នុងពេល​ប្រកប​វិជ្ជាជីវៈ ឬព្យួរ​អាជ្ញាប័ណ្ណ​របស់គាត់​ជាដើម។

៣៖ ទោសជំនួស ត្រូវបានបែងចែកជា ០២(ពីរ) គឺ៖ ទោសការងា​រសហគមន៍ និងទោស​ស្ដីបន្ទោស ហើយ​ដើម្បីប្តូរ​មូលទោស​មកជា​ទោសកា​រងារ​សហគមន៍ និងទោ​សស្ដី​បន្ទោស​បាន លុះត្រា​តែជន​ជាប់ចោទ​ទទួល​ទោស​ដាក់​ពន្ធនាគារ ដែលមាន​អតិបរិមា​តិចជាង ឬស្មើនឹង ៣ (បី) ឆ្នាំ ទើបតុលាការ​អាច​ប្រកាស​ទោស​ការងារ​សហគមន៍ និងទោស​ជំនួសបាន។

ឧទាហរណ៍៖ បុគ្គល «ខ» បានប្រព្រឹត្ត​អំពើលួច។ យោងតាម​ខ្លឹមសារ​នៃមាត្រា ៣៥៦ នៃក្រម​ព្រហ្មទណ្ឌ អំពើលួច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យ​ជា​ប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។

ក៏ប៉ុន្តែ ដើម្បី​ជាការ​ជំនួស​នូវ​មូលទោស គឺទោស​ដាក់​ពន្ធនាគារ និងទោស​ពិន័យ​ជាប្រាក់ខាងលើ តុលាការ​អាចប្រកា​សឱ្យបុគ្គល «ខ» ធ្វើការងារ​សហគមន៍​ចំនួន ១០០ (មួយរយ) ម៉ោង ដោយមិន​ទទួលបា​នប្រាក់​កម្រៃ​មកវិញទេ។ ក្នុងករណី​នេះបុគ្គល «ខ» នឹងមិនត្រូវទទួលរងទោសដាក់ពន្ធនា​គារ ឬទោស​ពិន័យទេ គឺបុគ្គល «ខ» គ្រាន់តែ​ធ្វើការងារ​សហគមន៍​ជំនួស​តែប៉ុណ្ណោះ។

សរុបមកវិញ​យោងតាម​ស្មារតី​នៃក្រមព្រហ្មទណ្ឌ ដែលបាន​បែងចែក​ប្រភេទ​នៃទោសគឺ មានគោលដៅច្បាស់ លាស់​ដើម្បី​កំណត់ និងគិត​គូរ​យ៉ាង​ល្អិតល្អន់​អំពី​ព្យសនកម្ម ឬភាព​ធ្ងន់ធ្ងរ​ដែលបណ្ដាល​ឱ្យប៉ះពាល់ ឬខូច​ប្រយោជន៍​ដល់បុគ្គល និងសង្គម​ជាដើម។

លើសពីនេះទៅទៀត ទោសនីមួយៗ​បង្កើតឡើង ដើម្បី​ធានា​ដល់ការ​​ដាក់ទណ្ឌក​ម្មទៅលើ ជនល្មើស​ឲ្យបាន​សមស្រប ទៅបទ​ល្មើស​ដែល​បុគ្គល​បានប្រព្រឹត្ត ។ ប៉ុន្តែការប្រកាសទោសទៅបានលុះត្រាតែ ជននោះ​បាន​ប្រព្រឹត្ត​ខុស​ទៅនឹង​ច្បាប់​ដែលមាន​ចែង​ជាធរមាន ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close