ខណៈទីផ្សារដីធ្លីមានតម្លៃខ្ពស់ ព្រៃឡង់ក្នុងខេត្តកំពង់ធំ កំពុងរងនូវក្ដីវិនាសកម្មយ៉ាងធ្ងន់ធ្ងរ !!!

201
CMA_LongBanner

កំពង់ធំ ៖ ថ្មីៗនេះ!ក្រោយពីព្រៃឡង់ក្នុងខេត្តកំពង់ធំ រងនូវក្ដីវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹង ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករាន្តទន្ទ្រានដីព្រៃរបស់រដ្ឋ ! ដូច្នេះសុំអោយពលរដ្ឋស្លូតត្រង់កុំចាញ់បោកមេខ្យល់ខិលខូច និង សុំឱ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពខុសច្បាប់ លើករណីឈូសឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជាមានតម្លៃខ្ពស់ ក្រុមមេខ្យល់ ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និង ពេលខ្លះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លី ដែលជាតំបន់ហាមឃាត់ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រុមជនខិលខូចបាននឹងកំពុងអនុវត្តន៍ទ្រឹស្តី « ឈ្នះបានដី ចាញ់បានលុយ » ។ ពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់ដោយយកដីរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងលក់ក្នុងតម្លៃថោកៗ ឱ្យពលរដ្ឋ ។ ពេលខ្លះ ពួកគេបានញុះញង់ពលរដ្ឋឱ្យសាងសង់ខ្ទមតូចៗ និង ដាំដំណាំផ្សេងៗលើដីរបស់គេ ដែលមានកម្មសិទ្ធិ ដើម្បីតវ៉ាថា ខ្លួនបានតាំងទីលំនៅជាយូរមកហើយ និងប្រសិនបើចង់ឱ្យរុះរើចេញត្រូវមានសំណង ឬ ផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម ។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ ដែលនាំឱ្យមានការប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់ អាចយកដីរដ្ឋទៅលក់ដូរបានឡើយ ។ លោកបានរំឮកបងប្អូនប្រជាពលរដ្ឋថា មុននឹងទិញ-លក់ដី ត្រូវប្រយ័ត្នប្រយែង ក្រែងប៉ះចំដីរដ្ឋ ឬ ដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍ ។

លោកបានបន្តដោយគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបាន នឹងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់នោះ ដើម្បីចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យ និងដកហូតមកវិញនូវដីរដ្ឋ ដែលទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច ។

កន្លងទៅនេះ យើងបានចាត់វិធានការច្បាប់ប្រឆាំងនឹងបទល្មើស នៃការរុករាន្តទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេក្លោងមួយចំនួនដែលនៅពីក្រោយបទល្មើសនេះ ត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមច្បាប់បណ្តើរៗហើយ ។

ជាថ្មីម្តងទៀត ក្រសួងបរិស្ថានបានប្រកាសឱ្យជនខិលខូច ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ ការឈូសឆាយ ការកាប់ឆ្ការ ដុត រុករាន្តទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង ការដាំដំណាំ ឬ ការអាស្រ័យផលលើដីរបស់រដ្ឋ ។

ជាមួយគ្នានេះអាជ្ញាធរក៏បានប្រកាសឱ្យឈប់ជាបន្ទាន់ នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋដោយខុសច្បាប់ ។ ជនដែលនៅតែរំលោភបំពាន នឹងត្រូវប្រឈមមុខច្បាប់ជាកំហិត យោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close