សកម្មភាពកាប់ទន្រ្ទានដីព្រៃ កើតឡើងយ៉ាងគគ្រឹកគគ្រែង បើទោះបីមានការអំពាវនាវពីអភិបាលខេត្តកោះកុង

78
CMA_LongBanner

កោះកុង ៖ សកម្មភាពកាប់រានទន្រ្ទានដីព្រៃលិចទឹក ព្រៃកោងកាង ដែលស្ថិតក្នុងតំបន់អភិរក្ស និងការចាក់លុបចំណីព្រែក លុបសមុទ្រ ពីសំណាក់ក្រុមឈ្មួញខិលខួចយ៉ាងគគ្រឹកគគ្រេង ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជនក្នុងខេត្តកោះកុងបានកើតឡើងជាបន្តបន្ទាប់ខណះដែលអាជ្ញាធរ និង មន្ទីរជំនាញពាក់ព័ន្ធហាក់នៅពុំទាន់រកឃើញចំណាត់ការអ្វីនោះឡើយ ។

ជាក់ស្តែងនៅពេលថ្មីៗនេះ សកម្មភាពទន្រ្ទានដីព្រៃលិចទឹក និងចាក់លុបព្រែកសារធារណះរបស់រដ្ឋចំនួន២ឃុំ (ឃុំទួលគគីរ និង ឃុំប៉ាក់ខ្លង ) នៃស្រុកមណ្ឌលសីមាពីសំណាក់ក្រុមឈ្មួញខិលខួចដោយមិនខ្លាចញញើតនិងផ្លូវច្បាប់អ្វីបន្តិចនោះឡើយ បើទោះបីជាលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចេញសេចក្តីប្រកាស និង អំពាវនាវ តាមរយៈអាខោនហ្វេសប៊ុកផ្ទាល់របស់លោកជំទាវ អោយពលរដ្ឋទាំងអស់មេត្តាកុំចាញ់ល្បិចញ៉ុះញ៉ង់បោកបញ្ឆោតរបស់ជនឆ្លៀតឱកាសមួយចំនួនដែលចង់បានប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះសូមបងប្អូនទាំងអស់បញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិ ឬលក់អោយអ្នកដទៃ ដែលអាចប្រឈមផ្លូវច្បាប់ជាធរមាន ។

ជុំវិញបញ្ហាខាងលើ ក្រុមការងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបកស្រាយពីលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បាននៅឡើយទេ ដោយសារខលពុំចូល តែកន្លងមកលោកធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា រឿងរ៉ាវចាក់ដីលុបព្រែកនៅឃុំប៉ាក់ខ្លង លោកបានចុះធ្វើការហាមឃាត់រួមហើយ និងបានធ្វើរបាយការណ៍ជូនដល់ថ្នាក់ខេត្តរួចហើយដែរ តែចំពោះចំណាត់ការបន្តយ៉ាងណានោះលោកក៏កំពុងរងចាំចម្លើយពីថ្នាក់ខេត្តដែរ ។

ដោយឡែក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងវិញ យើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ ទាក់ទិននិងការកាប់រុករានទន្ទ្រានយកដីព្រៃលិចទឹក ព្រៃកោងកាង ក្នុងតំបន់អភិរក្សដែលគ្រប់ដោយក្រសួងបរិស្ថាន និង ការចាក់លុបព្រែក ពិសេសការចាក់លុបសមុទ្រនៅចំនុចពយជិនទុង ភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ពីសំណាក់មន្ត្រីយោធាជើងទឹកថ្នាក់ឩត្តមសេនីយ៍ ហួរ ហាប់ ។

គួររំលឹកថា ការទន្ទ្រានដីព្រៃលិចទឹក និងចាក់លុបព្រែក សមុទ្រ ដែលជាសម្បត្តិសារធារណះរបស់រដ្ឋ បានកើតឡើងស្ទើរគ្រប់គ្រប់ស្រុកក្នុងខេត្តកោះកុង កត្តាទាំងនេះបានកើតឡើងដោយសារតែហាងឆេងដីក្នុងខេត្តកោះកុងកំពុងហក់ឡើងថ្លៃ ពិសេសក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ដែលកើតមានការរំលោភបំពានច្រើនជាងគេ ក្រោមរូបភាពអ្នកមានលុយនិងមានអំណាចឃុបឃិតជាមួយអាជ្ញាធរ ឬ កែនពលរដ្ឋអោយធ្វើសកម្មភាពបំពានដោយមិនបានខ្វាយខ្វល់អំពីផលប៉ះពាល់ទៅដល់ជីវះចម្រុះឬអ្វីផ្សេងៗនោះឡើយ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close