ព្រះរាជបន្ទូលព្រះករុណា ព្រះមហាក្សត្រ៖ ​ប្រជាជនកម្ពុជា​នឹងឈរយ៉ាងរឹងមាំ​ជាមួយប្រជាជនចិន ​នៅគ្រប់កាលៈទេសៈ​ទាំងអស់​

58
CMA_LongBanner

ប៉េកាំង, ចិន៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់។

ការមានព្រះរាជបន្ទូលបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងពេលព្រះមហាក្សត្រខ្មែរ ព្រះអង្គស្តេចយាងជួបសវនាការជាមួយលោក ស៊ី ជីនពីង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ប្រទេសចិន។

យោងតាមការចេញផ្សាយរបស់ទរទស្សន៍ចិន CCTV បានឱ្យដឹងថា ក្នុងជំនួបសវនាការនោះ លោក ស៊ី ជីនភីង បានថ្លែងថា ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា បានបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីមិត្តភាពដ៏ពិតប្រាកដ និងយូរអង្វែងរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏កំណត់នូវជោគវាសនានៃប្រទេសទាំងពីរផងដែរ។

លោកប្រធានាធិបតី បានបន្តលើកឡើងថា ប្រទេសចិន គោរពស្រលាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា ហើយបណ្តាមេដឹកនាំចិនជាច្រើនជំនាន់បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

លោកប្រធានាធិបតីបន្តថា កម្ពុជា-ចិន ត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត។

«ប្រទេសចិន នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងប្រទេសកម្ពុជា ឲ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ»។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់។

លោកប្រធានាធិបតីចិន បានថ្លែងថា កម្ពុជា-ចិន គួរតែអនុវត្តផែនការសកម្មភាពនានាដើម្បីកសាងសហគមន៍ចិន និងកម្ពុជា ផ្តល់ឱកាសឱ្យប្រជាជនទាំងពីរអាចទទួលបានផលប្រយោជន៍ និងសម្រាប់ជាគំរូក្នុងការគោរពគ្នាទៅវិញទៅមក ព្រមទាំងសម្រាប់ការស្វែងយល់អំពីអរិយធម៌ និងភាពសំប្បូរបែបនៃវប្បធម៏របស់ប្រទេសទាំងពីរ ។

ក្នុងសវនាការនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជបន្ទូលថា ព្រះអង្គសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅជាទីបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅដែលបានផ្តល់ជូនព្រះរាជវង្សានុវង្ស នៃប្រទេសកម្ពុជា និងចំពោះការគាំទ្រដ៏មានតម្លៃដែលប្រទេសចិនបានផ្តល់ដល់ប្រជាជនកម្ពុជាអស់រយៈពេលជាយូរមកហើយ។

ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលថា កម្ពុជា សូមអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលដែលសម្រេចបានក្រោមការអភិវឌ្ឍដ៏ធំធេងរបស់ខ្លួនក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះចាប់តាំងពីការបង្កើតឡើង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានកោតសរសើរដល់ឥទ្ធិពលដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ «ផ្លូវមួយខ្សែក្រវាត់មួយ»។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា សន្និសីទការសន្ទនាស៊ីវិលអាស៊ាន ដែលបានផ្តួចផ្តើមបង្កើតឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងអស់៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close