UI_LongBanner

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់ មកពីចូលរួមកិច្ចប្រជុំជាន់ខ្ពស់ នៅទីក្រុងប៉ារីស ជាមួយនឹងសមិទ្ធផលមួយចំនួនជូនប្រទេសជាតិ

54

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញត្រឡប់ មកពីចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ (Sustainable Debt for Sustainable Growth: Sound Financing for Development)» និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំនៅទីក្រុងប៉ារីស, ប្រទេសបារាំង។

កិច្ចប្រជុំជាន់ខ្ពស់នេះ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល, ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តា ប្រទេសអភិវឌ្ឍន៍ ក៏ដូចជាកំពុងអភិវឌ្ឍន៍ ប្រមាណ៦៥ប្រទេស។

ក្រោមប្រធានបទ «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ», កិច្ចប្រជុំបានផ្តោតការពិភាក្សាលើយុទ្ធសាស្រ្តក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន សម្រាប់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តរបស់ប្រទេសនីមួយៗ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាលទ្ធផល, គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចូលរួមពិភាក្សាអំពី ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ, វិធីសាស្រ្តដែលប្រទេសនីមួយយកអនុវត្តដែលអាច ទទួលបានហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលជៀសវាងបាននូវការជំពាក់បំណុលច្រើនហួសហេតុ, ការប្រើប្រាស់ហិរញ្ញប្បទាន ដោយត្រឹមត្រូវ មានតម្លាភាព និងការទទួលខុសត្រូវ ក៏ដូចជាអាចធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការលើកម្ពស់ភាពជាម្ចាស់ ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ សំដៅចូលរួមចំណែកពង្រឹងនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការចូលរួម និងគាំទ្របន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តាមរយៈការដាក់ចេញនូវវិធានវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាសកល សមស្រប ដើម្បីធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តល្អប្រសើរ និងចីរភាព។

ក្នុងឱកាសកិច្ចប្រជុំជាន់ខ្ពស់នេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានចូលរួមពិភាក្សា ដោយផ្ទាល់ ក្នុងកិច្ចប្រជុំជាក្រុមស្តីអំពី «ហិរញ្ញប្បទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយយុត្តិធម៌ និងចីរភាព (Financing infrastructure in a fair and sustainable way)» ដោយអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការមុតស្រួច កែទម្រង់លើគ្រប់វិស័យ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដើម្បីឲ្យកម្ពុជាអាចសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ទោះបីហិរញ្ញប្បទានកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា នៅមានកំរិតនៅឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយភាគីមិត្ត ក្នុងនោះ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Agnès PANNIER-RUNACHER, រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, លោក Rèmi Rioux, នាយកចាត់ការទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), លោក Pierre Amilhat ប្រធាននាយកដ្ឋានអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រនិងប៉ាស៊ីហ្វិក នៃអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍនៃគណៈកម្មការអឺរ៉ុប (Director for Asia, Central Asia, Middle East/Gulf and Pacific at the Directorate General for International Cooperation and Development of the European Commission), តំណាងជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុប្រទេសអូស្រ្តាលី និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀតផងដែរ។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីទាំងនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភាគីមិត្ត អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កម្ពុជា ក្នុងរយៈពេល២ ទសវត្សរ៍កន្លងមកនេះ ។ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧.៧% ក្នុងមួយឆ្នាំ, មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរ, ដាក់ចេញនូវវិធានការ មុតស្រួចកែទម្រង់ស៊ីជំរៅលើគ្រប់វិស័យ ក៏ដូចជា ការបង្កើតបរិស្ថានធុរកិច្ចអំណោយផលជាដើម។

CMA_LongBanner

ជាមួយនឹង សមិទ្ធិផលនៃការអភិវឌ្ឍកម្ពុជាបច្ចុប្បន្ន, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងតួនាទីយ៉ាងសកម្មរបស់ភាគីមិត្ត ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

បន្ថែមលើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-បារាំង សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា-បារាំង, នៅក្នុងជំនួបជាមួយលោកស្រី Agnès PANNIER-RUNACHER, រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតគូសបញ្ជាក់អំពីមូលដ្ឋានតថៈភាពជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ អំពីហានិភ័យចំពោះការដក ជាយថាហេតុនៃការអនុគ្រោះពន្ធលើទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) ដោយសហភាពអឺរ៉ុប។

លោកស្រី រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការកែទម្រង់កន្លងមក ។ លោកស្រី ក៏បានបញ្ជាក់ថា បារាំង និង កម្ពុជា គឺជាមិត្តដ៏ល្អ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយបារាំងនឹង នៅតែបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ច សហប្រតិបត្តិការ របស់បារាំងឲ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេស ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម។

លោកស្រីរដ្ឋលេខាធិការ បានជម្រាបថា រដ្ឋាភិបាលបារាំង បានយល់ច្បាស់អំពីផលប្រយោជន៍ នៃ EBA ចំពោះកម្ពុជា, លោកស្រីនឹងបន្តបង្ហាញការពិតរបស់ កម្ពុជា ចំពោះបញ្ហានេះ។

ដូចគ្នាដែរ, Pierre Amilhat ប្រធាននាយកដ្ឋានអាស៊ី នៃសហភាពអឺរ៉ុប, បានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែទម្រង់អភិវឌ្ឍន៍ និងការរីកចម្រើនផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ។ ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការកម្ពុជា និង សហភាពអឺរ៉ុប, សហភាពអឺរ៉ុប នៅតែតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យ អាទិភាព ដូចជា៖ វិស័យអប់រំ, កសិកម្ម, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ចំពោះគម្រោងដែលបានចុះហត្ថលេខារួចហើយ, ភាគីកម្ពុជា-សហភាពអឺរ៉ុប បាន ជំរុញអនុវត្តឲ្យមានភាពរលូន និងឆាប់រហ័ស។

ជាមួយគ្នានេះ, លោក Rèmi Rioux, នាយកចាត់ការទូទៅនៃ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក៏បានបញ្ជាក់បន្ថែមថា, សម្រាប់កិច្ចសហប្រតិបត្តិការបន្ត កម្ពុជា-AFD នាពេលខាងមុខ, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ មានបំណងនឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់ខ្លួនអោយស្រប នឹងបរិការណ៍អភិវឌ្ឍន៍នៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ក៏បានចុះហត្ថលេខាជាមួយ លោក Rèmi Rioux, នាយកចាត់ការទូទៅនៃទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន ២៩.១លានអឺរ៉ូក្នុងនោះ៖ ឥណទានសម្បទានចំនួន២៥លានអឺរ៉ូ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងហិរញ្ញប្បទានឥតសំណងចំនួន៤.១លានអឺរ៉ូ ពីសហគមន៍អឺរ៉ុប សម្រាប់ហិរញ្ញប្បទានលើគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក៏ដូចជាបង្កើនប្រសិទ្ធិភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close