សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ ចំពោះស្នាដៃកម្លាំងនគរបាលជាតិ ដែលបានប្រយុទ្ធប្រឆាំង បដិវត្ដន៍ព័ណ៌នៅកម្ពុជា កាលពីឆ្នាំ២០១៨

35
CMA_LongBanner

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងនៅក្នុងពិធីអបអរ សាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជា លើកទី៧៤ (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ថា “កម្លាំងនគរបាលជាតិគ្រប់ជំនាន់ គឺបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញកាតព្វកិច្ចប្រកបដោយ ស្មារតីអង្គអាចក្លាហាន និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីការពារឯករាជ អធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ បញ្ជៀសបាននូវអំពើភេរវកម្ម បង្ការទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា នៅឧក្រិតកម្មឆ្លងដែន ប្រឆាំងទប់ស្កាត់ឧបាយកល និងសកម្មភាពរបស់ពួកបច្ចៈមិត្ដគ្រប់ប្រភេទ ដែលបំផុសចលនាបង្កើត ក្រុមប្រដាប់អាវុធខុសច្បាប់ និងប៉ុនប៉ងធ្វើបដិវត្ដន៍ពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់”។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ ចំពោះស្នាដៃកម្លាំងនគរបាលជាតិ ដែលបានប្រយុទ្ធប្រឆាំង បដិវត្ដន៍ព័ណ៌នៅកម្ពុជា កាលពីឆ្នាំ២០១៨ ។

រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងបែបនេះបន្ទាប់ពីមាន ក្រុមឧទាមក្រៅច្បាប់ មានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្ដើមយកអំណាច។

សម្ដេចបញ្ជាក់ថា ការធានាស្ថេរភាព សន្ដិសុខសម្រាប់ការបោះឆ្នោត ព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតតំណាងរាស្រ្ដនីតិកាលទី៦ ដែលជាព្រឹត្ដិការណ៍ជាប្រវត្ដសាស្រ្ដ និងជាអាយុជីវិតរបស់ប្រទេសជាតិ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីភាពម្ចាស់ការ ប្រកបដោយសមត្ថភាពរបស់កម្ពុជា ក្នុងការធានាស្ថិរភាព សន្ដិសុខ បម្រើរឲ្យកិច្ចដំណើរការ អនុវត្ដន៍លទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋ។

សម្ដេចបន្ដថា ការជោគជ័យ និងសមិទ្ធផលនយោបាយ សង្គម សេដ្ឋកិច្ច គឺប្រសូត្រចេញពីកត្ដាសន្ដិភាព ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដែលមិនអាចកាត់ផ្ដាច់បានពីការចូលរួម ធ្វើពលិកម្មប្រកបដោយ មនសិការស្នេហាជាតិ របស់កងកម្លាំងនគរបាលជាតិបានឡើយ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ មានប្រសាសន៍ថា “កងកម្លាំងបានតស៊ូជំនះគ្រប់ឧបសក និងការរំបាកគ្រប់បែបយ៉ាង ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ដ រួមទាំងអាយុជីវិត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ និងទ្រព្យសម្បត្ដិសាធារណៈ បង្កើតបាននៅបរិយាកាសប្រកបដោយ ភាពកក់ក្ដៅក្នុងសង្គមជាតិទាំងមូល” ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close