UI_LongBanner

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌឱ្យបានគ្រប់ៗគ្នា

74
CMA_LongBanner

ត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណៈកម្មាធិកា​រ​កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យសមាជិក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បែបនេះ  ខណៈដែល សម្តេចបានអញ្ជើញចូលរួមក្នុងឱកាសបើកយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកនៅ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមាន ប្រសាសន៍លើកឡើងថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នឹងប្រព្រឹត្តនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដែលសមាជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងទាំងអស់ត្រូវទៅ បោះឆ្នោត គ្រប់ៗគ្នា។

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា យុទ្ធនាការឃោ​សនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតនេះ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅទូទាំង​ប្រទេស។ ដូច្នេះការជួបជុំរបស់បេក្ខជន និងអ្នកបោះឆ្នោតនាពេលនេះ ដើម្បីបង្ហាញ នូវស្មារតីសាមគ្គី ឯកភាពគ្នា លើគោលដៅរបស់គណបក្ស ដែលត្រូវដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតខាងមុខ តាមរយៈការបោះឆ្នោតមួយដែលមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌​។

សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បច្ចប្បុន្នព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន កាន់តែមានការរីកចម្រើនល្អប្រសើរជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភានេះ នឹងបន្តការខិតខំប្រឹងប្រែង តាមរយៈការអនុវត្តកម្ម វិធីនយោ​បាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០១៨-២០២៣ បន្តឱ្យបានកាន់តែល្អ និងមានការរីកចម្រើនថែមទៀត។

សម្តេចគូសបញ្ជាក់បន្ថែមថា តាមរយៈការខិតខំប្រឹងប្រែង របស់មន្រ្តីយើងគ្រប់ថ្នាក់ លើគ្រប់វិស័យនេះ ទើបមាតុភូមិរបស់យើ​ងទទួលបាននូវសមិទ្ធផលខាងសេដ្ឋកិច្ចគួរ ឱ្យកត់សម្គាល់​។​ សម្តេចប្រធានកិត្តិ​យសគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវសមា​ជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ក្នុងដំណែង នៅក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌឱ្យបានគ្រប់ៗគ្នា។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន បង្ហាញថា នៅទូទាំងប្រទេសកម្ពុជា មា​ន​​រាជធានី ខេត្ត សរុបចំនួន ២៥ មានក្រុង ស្រុក ខណ្ឌ សរុបចំនួន២០៣ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១.៥៧២នាក់​។

ដោយឡែកសម្រាប់ខេត្តត្បូ​ង​​ឃ្មុំមានអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន៥៣៦នាក់ និងមានគណបក្សនយោបាយចំនួន៦ ចូលរួមប្រកួតប្រជែង៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close