UI_LongBanner

សកម្មភាពការងារបង្កបង្កើនផល ការភ្ជួររាស់ដីស្រែវស្សា នៅខេត្តសៀមរាប

51

សៀមរាប៖ កសិករនៅខេត្ដសៀមរាប ចាប់ផ្ដើមបង្កបង្កើនផលស្រូវវស្សា និង ខិតខំធ្វើឱ្យបានពីរដងនៅ ក្នុងរដូវវស្សានេះ ទោះបី សីតុណ្ហភាពនៅតែមានកម្រិតក្ដៅក៏ពិតមែន ប៉ុន្ដែបងប្អូនប្រជាកសិករមួយចំនួននៅខេត្ដសៀមរាប បានចាប់ផ្ដើមបង្កបង្កើនផលស្រូវវស្សា ដើម្បីឲ្យទាន់មុនទឹកភ្លៀងធ្លាក់មកដល់ ព្រោះការធ្វើស្រែនៅរដូវវស្សានេះ ពួកគាត់អាចធ្វើបានដល់ទៅ២ដង។

លោក រៀម វាសនា ជាប្រជាកសិករ រស់នៅសង្កាត់សំបួរ ក្រុងសៀមរាប បានឲ្យដឹងថា លោកបានចាប់ផ្តើមភ្ជួរ និងព្រោះស្រូវ នៅលើផ្ទៃដីស្រែចំនួន១០ហិកតារបស់លោក ហើយការបង្កបង្កើនផលនេះ ដើម្បីឲ្យបានមុនភ្លៀងធាក់ និង ទឹកទន្លេឡើងមកដល់ ព្រោះវាជាពូជស្រូវស្រាលមានរយៈពេលតែ៧៥ថ្ងៃប៉ុណ្ណោះ វានឹងទទួលផលហើយ ។

CMA_LongBanner

លោកបានបន្ដថា ការធ្វើស្រូវវស្សានេះ គឺធ្វើឡើងតាំងពីបុរាណមក ហើយការធ្វើនេះទៀតសោតទៅតាមធម្មជាតិ ដោយមានការប្រើប្រាស់ជី បន្ដិចបន្ទួច ដើម្បីជួយឲ្យស្រូវល្អ និងទទួលទិន្នផលខ្ពស់ ។ លោក រៀម វាសនា បានបន្ដថា នៅក្នុងតំបន់របស់លោក បងប្អូនប្រជាកសិករ ធ្វើស្រែពង្រោះ ស្រូវមួយឆ្នាំមានពីរដង ដោយមួយលើកស្រូវមានអាយុ៧៥ថ្ងៃ ទទួលផល ដែលមានពូជស្រូវនេះបាននាំចូលពីប្រទេសវៀតណាម ។ ជាមួយគ្នានេះកសិករ ក៏មានការព្រួយបារម្ភផងដែរ អំពីតម្លៃជី និង តម្លៃថ្នាំពុលកសិកម្ម ដែលចេះតែឡើងថ្លៃ ខណៈតម្លៃស្រូវមានការធ្លាក់ចុះ ។ លោកបានអំពាវនាដល់អាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធធ្វើ យ៉ាងណា ជួយសម្រួលដល់ប្រជាកសិករជួយទប់ការឡើងថ្លៃជីគ្រប់ប្រភេទ និង ជួយរកទីផ្សារស្រូវឲ្យបានខ្ពស់ ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ដសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ការភ្ជួររាស់ហាលដីនៅដើមរដូវវស្សារបស់ប្រជាកសិករឆ្នាំ២០១៩នេះ បានចំនួន៥៧.៥០០ហិកតា ក្នុងនោះដោយគ្រឿងយន្តកសិកម្ម ៥៧ពាន់៤០០ហិកតា និង កម្លាំងអូសទាញដោយគោក្របីបាន១០០ហិកតា ។ ការធ្វើស្រូវរស្សាសរុបបានចំនួន១១ពាន់៨៧០ហិកតា ក្នុងនោះពង្រោះស្រូវស្រាល២ពាន់ហិកតា ,ស្រូវកណ្តាល ៣ពាន់៥០០ហិកតា ,ស្រូវធ្ងន់បាន២ពាន់៧០០ហិកតា ,ស្រូវចំការ៦៩០ហិកតា និង ស្រូវវារឬស្រូវឡើងទឹកបានចំនួន ២ពាន់៩៨០ហិកតា ។ ការភ្ជួររាស់ដីស្រែ វស្សា ឆ្នាំ២០១៩នេះ គឺមានការយឺតយ៉ាវជាងបណ្តាឆ្នាំមុនដោយការបម្រែបម្រួសអាកាសធាតុ ដែលធ្វើឲ្យរដូវប្រាំងអូសបន្លាយរយៈ ពេលវែង ៕ដោយ៖ ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close