UI_LongBanner

ពិតជាអស្ចារ្យណាស់! ឥណ្ឌូណេស៊ី នឹងបើកជើងហោះហើរ ត្រង់មកកម្ពុជា នាខែមិថុនា ខាងមុខនេះ

68

ភ្នំពេញ ៖ អនុប្រធានប្រតិបត្តិ និងប្រតិភូក្រុមហ៊ុនអាកាសចរណ៍ របស់ឥណ្ឌូនេស៊ី CITILINK Airlines លោក Heriyanto បានបញ្ជាក់ថា ក្រុមហ៊ុននឹងបើកការហោះហើរត្រង់ មកប្រទេសកម្ពុជា នៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងមួយសប្ដាហ៍ មានចំនួន៣ជើងផងដែរ។
ការបើកហោះហើរឡើងវិញនេះ ក្រោយពីមានការផ្អាក អស់រយៈពេលជិត៥០ឆ្នាំ ក្នុងអំឡុងទសវត្សរ៍ទី៧០។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការត្រៀមរៀបចំ សម្ពោធជើងហោះហើរត្រង់ពី ឥណ្ឌូនេស៊ី មកកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ លោក Heriyanto អនុប្រធានប្រតិបត្តិ និងប្រតិភូក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines បានថ្លែងថា “ក្នុងមួយសប្ដាហ៍ ក្រុមហ៊ុននឹងហោះហើរមកកម្ពុជា ចំនួន៣ជើង នៅថ្ងៃច័ន្ទ ថ្ងៃពុធ និងសុក្រ ហើយយើងចាប់ហោះហើរ ខែមិថុនា នាពេលខាងមុខនេះ”។

លោកបន្ដថា ការបើកការហោះហើរត្រង់ ពីឥណ្ឌូនេស៊ីមកកម្ពុជានេះ នឹងជួយសម្រួល ដល់ភ្ញៀវទេសចរបានច្រើន ទាំងថវិកា និងពេលវេលា ដោយអាចធ្វើដំណើរ ត្រឹមតែ៣ម៉ោងប៉ុណ្ណោះ មិនបាច់ចូលចតនៅប្រទេសទី៣ ដូចកាលមុនទៀតឡើយ។

ចំណែកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “ក្រោយពីមានការតភ្ជាប់ ហោះហើរត្រង់ពីឥណ្ឌូនេស៊ី មករាជធានីភ្នំពេញ យើងជឿជាក់យ៉ាងច្បាស់ថា នឹងមានការកើនឡើង នៃចំនួនទេសចរឥណ្ឌូនេស៊ីមកកាន់កម្ពុជា ហើយក៏អាចនាំនូវទេសចរកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី ជាមួយអ្នកវិនិយោគផងដែរ”។

លោកបន្ថែមថា ប្រជាជន កម្ពុជា-ឥណ្ឌូនេស៊ី នឹងធ្វើការផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមក ឥណ្ឌូនេស៊ី ទទួលភ្ញៀវទេសចរជាង ២៥លាននាក់ កាលពីឆ្នាំ២០១៨។លោកថា ទន្ទឹមនឹងការបង្កើន ជើងហោះត្រង់មកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរវាងប្រទេសពីរ ក៏មានការរីកចម្រើនផងដែរ។

CMA_LongBanner

លោកបញ្ជាក់ថា ឥណ្ឌូណេស៊ី ស៊ីជាប្រទេស ដែលមានសក្តានុពលវប្បធម៌ដ៏សំបូរបែប និងមានការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនិងជាប្រទេសមួយដ៏ធំ ដែលមានប្រជាជនច្រើនប្រមាណ ២៥០លាននាក់។ លោកថា ឥណ្ឌូនេស៊ី ក៏មានជីវភាពរីកចម្រើន ប្រជាជនកម្រិតកណ្តាល (Middle Class) ក៏ច្រើន និងមានទេសចរធ្វើដំណើរ ចេញក្រៅប្រទេសដ៏ច្រើន ដែលភាគច្រើន ចេញទៅប្រទេសម៉ាឡេស៊ី សឹង្ហបុរី ថៃ ប៉ុន្តែមកកម្ពុជានៅតិចនៅឡើយ។

រដ្ឋមន្ដ្រីទេសចរណ៍ ថា ប្រជាជនកម្ពុជា ចេញទៅក្រៅប្រទេស មានប្រមាណ២លាននាក់ ក្នុងឆ្នាំ២០១៨ ដូច្នេះការហោះហើរត្រង់នេះ នឹងជួយជំរុញ លំហូរទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរកាន់តែច្រើន។ ទេសចរកម្ពុជា អាចទៅលេងកោះបាលី តំបន់បេតិកភណ្ឌប្រាសាទបូរ៉ូបូឌូ និងតំបន់ទេសចរណ៍ដទៃទៀត ហើយទេសចរឥណឥណ្ឌូនេស៊ី ក៏អាចមកលេងកម្សាន្ត តាមគោលដៅទេសចរណ៍នានា នៅកម្ពុជាកាន់តែងាយស្រួល។

បន្ថែមពីនេះ រដ្ឋមន្ដ្រី បានថ្លែងអំណរគុណឥណ្ឌូនេស៊ី ដែលមានកិច្ចសហការល្អ ជាមួយក្រសួងទេសចរណ៍ ជំរុញឲ្យមានការហោះហើរត្រង់ រវាងប្រទេសជាតិទាំងពីរឡើងវិញ។

សូមរំលឹកថា ៣ខែឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួន១.៨៧៧.៨៥៣ នាក់ កើនឡើង ៩,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះទទួលបាន ទេសចរឥណ្ឌូនេស៊ីចំនួន ១៥.៤១១ នាក់ កើនឡើង ១០,៨% ។ ជាចក្ខុវិស័យ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលទេសចរអន្តរជាតិ ៦.៧លាននាក់ ឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១១លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ១៥លាននាក់៕
ដោយ ៖

ប្រភពៈ DAP

អត្ថបទដែលជាប់ទាក់ទង
Open

Close